មន្រ្តីមន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការគ្រប់គ្រងអនាម័យបរិស្ថានបានល្អក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ
ថ្ងៃ អង្គារ, 12 វិច្ឆិកា, 2019មន្រ្តីមន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការគ្រប់គ្រងអនាម័យបរិស្ថានបានល្អក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ
នៅក្នុងរាជធានីភ្នំពេញបរិមាណសំរាម កើនច្រើនលើសពីសព្វដង ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងរាជធានីភ្នំពេញ។ លោក គាត រង្សី ប្រធានមន្ទីបរិស្ថានរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានចូលរួម បែងចែកក្រុមការងារជា ៥ក្រុម ដែលមានកម្លាំងសរុបចំនួនជាង២០០០នាក់ ដើម្បីចុះពិនិត្យបញ្ហាកកស្ទះសំរាម និងអប់រំផ្សព្វផ្សាយស្ដីពីការទុកដាក់សំរាមសំណល់រឹង សំរាម ឲ្យបានត្រឹមត្រូវ ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរទេសចរណ៍ ទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន របស់រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូន យុវជនគ្រៀល យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទីតាំងរបស់ក្រុមទាំង ៥រួមមាន÷
-ក្រុមចល័តដឹកនាំដោយលោកប្រធានមន្ទីរបរិស្ថាន។
-ក្រុមដែលពិនិត្យមើលទីតាំងចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់មុខព្រះបរមរាជវាំង។
-ក្រុមដែលពិនិត្យមើលចាប់ពីសួនវត្តលង្ការហូតដល់ក្រសួងបរិស្ថាន។
-ក្រុមដែលពិនិត្យមើលចាប់ពីរង្វង់មូលសម្ដេចសង្ឃជួនណាតរហូតដល់ព្រះបរមរាជវាំង។
-ក្រុមដែលពិនិត្យនៅផ្នែកត្រើយខាងកើតស្ពានជ្រោយចង្វារដែលពិនិត្យចាប់ពីសួនច្បារព្រះនាងបញ្ញាបារមីទៅសណ្ឋាគារសុខា និង ចាប់ពីសួនព្រះនាងប្រាជ្ញាបារមីទៅកន្លែងកីឡាករអុំទូកស្នាក់នៅ។