ក្រសួងបរិស្ថានសហការជាមួយដៃគូរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី
ក្រោមប្រធានបទ «តូរ្យតន្ត្រីដើម្បីកិច្ចគាំពារបរិស្ថាន សូមនិយាយថាទេចំពោះប្លាស្ទិក»

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងបរិស្ថានរួមនឹងដៃគូសហការបានរៀបចំសន្និសីទកាសែតមួយដើម្បីជម្រាបជូនសាធារណជនអំពីការប្រគំតន្រ្តីដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន និងកែប្រែឥរិយាបថសាធារណជនទាក់ទងនឹងសំណល់ប្លាស្ទិក ដែលជាក្តីកង្វក់របស់កម្ពុជាក៏ដូចជាសកលលោក។ ការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃដោយមានការសហការរៀបចំពីក្រុមហ៊ុន បារមី ប្រូដាក់សិន ដោយមានការគាំទ្រឧបត្ថម្ដោយយអង្គការ UNDP ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាក្រុមហ៊ុនមីស៊ុយបីស៊ី ផលិតកម្មបូរមី និង ក្រុមហ៊ុនForte។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលដឹកនាំសន្និសីទសារព័ត៌មាន បានបន្តថា កន្លងមក ក្រសួងបរិស្ថានជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទាក់ទងនឹងប្លាស្ទិក ដើម្បីបញ្ជ្រាបនូវចំណេះដឹងពីផលប៉ះពាល់សំណល់ប្លាស្ទិក ចំពោះ បរិស្ថាន ជីវចម្រុះ និងសុខភាពសាធារណៈ សំដៅធ្វើយ៉ាងណា កែប្រែផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ថង់ប្លាស្ទិកមកចូលរួមកាត់បន្ថយ និងឈានទៅបញ្ឈប់តែ
ម្តង។ បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងគឺជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ។ សរុប មួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០%នៃ សំណល់សំរាមនេះគឺជាសំណល់ថង់ប្លាស្ទិក។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ៣៨០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម​ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសព្វថ្ងៃសេដ្ឋកិច្ចកម្ពុជាយើងកំពុងរីកលូតលាស់ សង្គមយើងកាន់តែចាយវាយកាន់តែច្រើន និងងាកទៅ រកផលិតផលប្រើប្រាស់កាន់តែងាយស្រួលដូចជាផលិតផលប្លាស្ទិកដែលប្រើតែម្តងហើយ យើងបោះចោល។ នៅក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី ៤០ ទៅ ៥២ ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។ ហេតុដូច្នេះហើយបានជាការរៀបចំការប្រគំតន្ត្រីនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ ក្រសួងបរិស្ដានសហការជាមួយដៃគូរៀបចំការប្រគំតន្ត្រីដើម្បីអប់រំ ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហាបរិស្ថាន និងការបំពុលដោយសំណល់ប្លាស្ទិក។

កញ្ញា ឡូរ៉ា ម៉ម តារាចម្រៀងនៃក្រុមហ៊ុន បារមី ប្រូដាក់សិន បានបង្ហាញនូវចំណាប់អាម្មរណ៍ថា នេះជាឱកាសដ៏អស្ចារ្យ ក្នុងនាមផលិតកម្មបារមី និងតំណាងអោយសិល្បករសិល្បការិនីខ្មែរដែលបានបង្ហាញនូវគំនិតច្នៃប្រឌិត ទេពកោសល្យ និងការប្រើឥទ្ធិពលនៃតន្រ្តី ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អនៃការចោលសំរាម និងសំនល់ប្លាស្ទិក។ លោក Nick Beresford តំណាងអង្គការ UNDP នៅកម្ពុជា បានសម្តែងនូវការសប្បាយរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីក្នុងបុព្វហេតុបរិស្ថាន ដោយសារកាកសំណល់ប្លាស្ទិកគឺជាបញ្ហាប្រឈមរបស់កម្ពុជា តាមរយៈការស្រាវជ្រាវក្នុង១ឆ្នាំ កម្ពុជាមានសំណល់សំរាមប្រមាណ ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក ហើយកន្លងមក UNDP បានសហការគាំទ្រជាមួយក្រសួងបរិស្ថានតាមរយៈយុទ្ធនាការ 4R គឺ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ។

លោក Magnus Saemindsson លេខាទូតទី១នៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អាម្មរណ៍ថា ពិតណាស់ពិភពលោក និងកម្ពុជា ក៏ដូចជាប្រទេសស៊ុយអ៊ែត គឺកំពុងខ្វាយខ្វល់ពីសំណល់ប្លាស្ទិកដូចនេះការចូលរួមនូវព្រឹត្តិការណ៍គឺជាកិច្ចការដ៏ល្អដើម្បីរួមគ្នាក្នុងកិច្ចគាំពារបរិស្ថាន។ គួរបញ្ជាក់ថា ប្លាស្ទិកគឺជាសារធាតុម្យ៉ាងស្តើងដែលមានភាពយឺត ទន់ ងាយស្រួលបត់បែន និងប្រើប្រាស់បានយូរ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងសុខភាពមនុស្ស។ ប្លាស្ទិកភាគច្រើនធ្វើឡើងពីធនធានធម្មជាតិកម្ររ រួមមានដូចជាប្រេង ធ្យូងថ្ម និងសែនល្យូលូស ដែលធនធានទាំងងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។ ថង់ប្លាស្ទិកអាចត្រូវការពេលយូរដើម្បីពុកផុយ ចំណែកឯប្រអប់ស្នោដាក់អាហារ អាចត្រូវការពេលរាប់ពាន់ឆ្នាំ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហាញជំនឿជឿជាក់ថាការប្រគំតន្ត្រី នៅមុខទីស្តីការក្រសួងបរិស្ថានដោយមានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជាលោកព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉មជាដើមនឹងជាឱកាសផ្តល់ការសប្បាយរីករាយ ផង និងបញ្ជ្រាបសារអប់រំបរិស្ថាន បញ្ជ្រាបចំណេះដឹងបរិស្ថានជូនប្រជាពលរដ្ឋដែលមកដើរកម្សាន្តនៅក្នុង ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកដោយផ្ទាល់ និងអ្នកទស្សនានៅតាមកញ្ចក់ ទូរទស្សន៍ភីអិនអិន ​និងស្ថានីយ៍ទូរទស្សន៍អប្សរា។

ព័ត៌មានបន្ថែម

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិកលើវិស័យបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 18 វិច្ឆិកា, 2019 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិកលើវិស័យបរិស្ថាន និងធនធានធម្មជាតិ
មកមេីលសត្វកុករាប់ពាន់ក្បាលរស់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ
ថ្ងៃ ចន្ទ, 18 វិច្ឆិកា, 2019 មកមេីលសត្វកុករាប់ពាន់ក្បាលរស់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ
ប្រជាពលរដ្ឋ​ បានប្រគល់កូនឈ្លូស​ ១ក្បាលជូនមន្រ្តី​ឧទ្យានុរក្ស​នៅតំបន់ប្រេីប្រាស់ច្រេីនយ៉ាងសំឡូត
ថ្ងៃ សៅរ៍, 16 វិច្ឆិកា, 2019 ប្រជាពលរដ្ឋ​ បានប្រគល់កូនឈ្លូស​ ១ក្បាលជូនមន្រ្តី​ឧទ្យានុរក្ស​នៅតំបន់ប្រេីប្រាស់ច្រេីនយ៉ាងសំឡូត