ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានជូនដល់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ បន្ទាប់ពីបានពិនិត្យឃើញថាក្រុមហ៊ុននេះបានចូលរួមនិងប្រតិបត្តិកមេត្រីភាពបរិស្ថានល្អ និងបានគិតគូរខ្ពស់ពីបញ្ហាបរិស្ថាន នៅក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន។ ពិធីប្រគល់បណ្ណសរសើរនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការ ចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងតំណាងក្រុមហ៊ុន ជីប ម៉ុងជាច្រើនរូបនៅទីតាំងក្រុមហ៊ុន ជីប ម៉ុង។ នេះជាការបង្ហាញការទទួលស្គាល់ និងលើកទឹកចិត្តចំពោះអ្នកប្រ​តិបត្តិមេត្រីភាពបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន ជីប ម៉ុងដែលបានអនុវត្ត មេត្រីភាពបរិស្ថាន និងគោរពតាមបទដ្ឋាននៃបរិស្ថានក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនបានល្អ និងបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលបានចូលរួមក្នុងការពារបរិស្ថាន។ ឯកឧត្តមបានលើកឡើងពីការចូលរួម របស់ក្រុមហ៊ុន ជីប ម៉ុងក្នុងសកម្មភាពសម្អាតអនាម័យបរិស្ថានដោយបានដាក់រថយន្តសម្អាតថ្នល់ ២គ្រឿងជាប្រចាំនៅរាជធានីភ្នំពេញ និងពីរគ្រឿងទៀតចល័តតាមខេត្តនានា ព្រមទាំងបានចូលរួមក្នុងការ ដាំដើមឈើ និងការដាក់ពង្រាយធុងសំរាមនៅតាមទីសាធារណៈនានា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បាន អនុវត្តកម្មវិធីសាលាស្អាតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តអនុវត្តមេត្រីភាពបរិស្ថានឱ្យបានល្អកាន់តែខ្លាំង និងគិតគូរខ្ពស់ពីបរិស្ថានដោយស្នើឱ្យក្រុមហ៊ុនបន្តសិក្សារកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដើម្បីបង្កើនការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសង្វាកផលិតកម្ម ក៏ដូចជាធ្វើយ៉ាងណាផ្សាភ្ជាប់ការគោរពប្រតិបត្តិមេត្រីភាពបរិស្ថាន និងការប្រើប្រាស់របស់អតិថិជនរបស់ខ្លួន។ រដ្ឋលេខាក្រសួងបរិស្ថានក៏បានជំរុញឱ្យក្រុមហ៊ុនផ្សេងៗទៀតអនុវត្តមេត្រីភាពបរិស្ថានឱ្យបានល្អ ហើយក្រសួងបរិស្ថានរីករាយនឹងធ្វើការវាយតម្លៃ ហើយផ្តល់បណ្ណទទួលស្គាល់ និងបណ្ណសរសើរជូន។

តាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ការវាយតម្លៃមេត្រីភាពបរិស្ថានត្រូវបានកំណត់ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គល។ ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលទទួលបានបណ្ណសរសេរមេត្រីភាពបរិស្ថាននេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងសូចនាករចំនួន ៦ចំណុចសំខាន់ៗគឺ១-មានចក្ខុវិស័យបរិស្ថាន ២-ហេដ្ឋារចនាសម្ពន្ធ័ ៣-ប្រតិបត្តិមេត្រីភាពបរិស្ថាន ៤-លំហបៃតង ៥-ការបញ្ជ្រាបចំណេះដឹងបរិស្ថាន ៦-ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន។

នៅក្នុងក្របខណ្ឌនៃការលើកទឹកចិត្តចំពោះអ្នកប្រតិបត្តិមេត្រីភាពបរិស្ថាននេះដែរ ក្រសួងបរិស្ថាន នឹងរៀបចំកម្មវិធីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិករគំរូមេត្រីភាពបរិស្ថានឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ។

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី