ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA)
ថ្ងៃ ព្រហស្បតិ៍, 31 តុលា, 2019ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA)
……………………………………………
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន
នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដេីម្បីពិភាក្សាលេីការផ្តល់អាហារូបករណ៍រយៈពេលវែងកម្រិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើផ្នែកគោលដៅអភិវឌ្ឍន៍ដោយចីរភាព (អ្នកដឹកនាំសកល) សម្រាប់ឆ្នាំសិក្សា២០២០ ជូនដល់មន្រ្តីក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចំនួន២រូប។ កិច្ចប្រជុំក៏បានពិភាក្សាលេីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ JICA ក្នុងការបន្តអនុវត្តគម្រោងពង្រឹងសមត្ថភាពវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យគុណភាពទឹក ការត្រៀមអនុវត្តគម្រោងរេដបូក (REDD+) ថ្នាក់ក្រោមជាតិ ការផ្តល់ទីប្រឹក្សាគោលនយោបាយផ្នែកគ្រប់គ្រងសំណល់រឹង និងការផ្តល់អ្នកស្ម័គ្រចិត្តជប៉ុនចំនួនពីររូបដេីម្បីជួយការងារមន្ទីរពិសោធន៍និងការងារអប់រំបរិស្ថាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងនាយកដ្ឋានធនធានមនុស្ស តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន និងសហការី។