ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចូលរួមជាអធិបតីភាពបើកសិក្ខាសាលាបូកសរុបការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 25 តុលា, 2019«ដើម្បីសម្រេចបានបុព្វហេតុ ប្រែក្លាយចំណេះដឹងបរិស្ថានទៅជាការប្រតិបត្តិបរិស្ថានល្អដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានមនសិការបរិស្ថាន គាំទ្រ និងចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព យើងត្រូវការ បង្កើនការអប់រំ និងផ្សព្វផ្សាយពីចំណេះដឹង និងព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ
ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៩ នេះក្នុងឱកាសដែលឯកឧត្តមចូលរួមជាអធិបតីភាពបើកសិក្ខាសាលាបូកសរុបការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកត់សម្គាល់ថា៖ «ក្រសួងបរិស្ថានបានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយចុះផ្ទាល់និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផល យើងសង្កេតឃើញថាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើនក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ជាការពិត យើងនៅមានបញ្ហាជា ច្រើនទៀតក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនេះដែលត្រូវបន្តដោះស្រាយរួមគ្នា»។