នៅទីស្តីការក្រសួងបរិស្ថាន​ នារសៀល ថ្ងៃព្រហស្បតិ៍្ត​ ១១រោច​ ខែអស្សុជ​ ឆ្នាំកុរឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៩ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងអគារខុនដូ និងផ្ទះល្វែង ប៉ាវលីហ័រយានលើផ្ទៃដី ១៩៣៣៦ម៉ែត្រការ៉េ របស់ក្រុមហ៊ុន KIMBERLY (CAMBODIA) INTERNATIONAL INVESMENT COMPANY LIMITED មានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា E & A Consultant Co., Ltd.។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការ​ដ្ឋាននៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងតំណាងក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.​ សរុបចំនួន​ ៣២នាក់។

ជារួម​ កិច្ចប្រជុំ​ បានសម្រេចលទ្ធផល​ ដូចខាងក្រោម៖
១-អង្គប្រជុំបានគាំទ្រលើគម្រោងវិនិយោគនេះ
២-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងអនុលោមតាម​លិខិតអនុញ្ញាតសាងសង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
៣-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាមសម្រាប់ការគ្រប់គ្រង និងការដឹកចេញសំណល់រឹង និងសំណល់ភក់បាតអាងប្រព្រឹត្តិកម្ម
៤-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងអាងចម្រោះទឹកកខ្វក់ដាច់ដោយឡែកពីគ្នា ហើយមិនត្រូវបញ្ចេញសំណល់រាវ ឬបូមទឹកពីក្នុងរណ្តៅការដ្ឋាន ហើយបង្ហូរទៅប្រព័ន្ធលូសារធារណៈ ឬបង្ហូរកម្ទេចស៊ីម៉ងត៍ចូលលូទឹកភ្លៀង ដោយពុំបានឆ្លងកាត់ប្រព័ន្ធចម្រោះ ឬសម្អាតជាដាច់ខាត
៥-ត្រួតពិនិត្យប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវជាប្រចាំ និងធ្វើការវិភាគគុណភាពទឹកសំណល់រាវចេញពីអាងប្រព្រឹត្តកម្មចុងក្រោយ ដើម្បីធានាថាសំណល់រាវដែលបង្ហូរចេញទៅលូសាធារណៈ គោរពតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន
៦-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវមានប្រព័ន្ធការពារអគ្គីភ័យ ច្រកសុវត្ថិភាព ស្លាកសញ្ញាណែនាំ និងមានទីតាំងសម្រាប់ឧត្ថម្ភាគចក្រចុះចតពេលមានអន្តរាគមន៍ ហើយអគារត្រូវមានស្តង់ដារសុវត្ថិភាពបរិស្ថាន និងធានាគុណភាពសំណង់
៧-ក្រុមហ៊ុនម្ចាស់គម្រោង​ មិនត្រូវប្រើប្រាស់ការបកប្រែតាមប្រព័ន្ធ Google Translation សម្រាប់ស្លាកសញ្ញា ឬស្លាកយីហោផ្សេងៗ​ ហេីយ​ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវពិភាក្សាជាមួយអ្នកជំនាញ និងអជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យលើការបកប្រែខេមរភាសាឱ្យបានត្រឹមត្រូវជាមុនសិន ហើយត្រូវដាក់ស្លាកសញ្ញាជាអក្សរខ្មែរនៅពីលើអក្សរបរទេស
៨-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវចូលរួមបង់មូលនិធិបរិស្ថាន និងសង្គមឱ្យបានទៀងទាត់
៩-សំណង់អគារ​ ត្រូវមានរចនាបថបែបខ្មែរ ជាពិសេសការតុបតែងខាងក្នុង
១០-​ក្រុមហ៊ុនម្ចាស់គម្រោង​ និងក្រុមហ៊ុនទីប្រឹក្សា​ ត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ថ្ងៃ ពុធ, 20 តុលា, 2021 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ