សេចក្ដីប្រកាសព័ត៌មាន
សមិទ្ធិផលការងារចម្បងៗរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាត្រួតពិនិត្យលទ្ធផល
ការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០

​សិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានរៀបចំឡើងនៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តម សៅ សុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដែលបានរៀបចំសិក្ខាសាលានេះឡើងសំដៅលើកកម្ពស់ការងារអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបានគូសបញ្ជាក់ថា ក.ជ.អ.ច. គឺជាស្ថាប័នអន្តរក្រសួង ដែលត្រូវបានបង្កើតឡើងដើម្បីទទួលបន្ទុកគិតគូររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រនានា សំដៅធានានូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា ក.ជ.អ.ច. បំពេញភារកិច្ចរបស់ខ្លួន ដោយផ្អែកលើការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ការរស់នៅប្រកបដោយចីរភាព ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជានៅក្រោមអនុសញ្ញាពិធីសារនិងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនានាដែលកម្ពុជាជាសមាជិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូអភិវឌ្ឍន៍ដើម្បីកៀរគរធនធានសម្រាប់គាំទ្រការអនុវត្តគំនិតផ្តួចផ្តើមនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍គន្លឹះជូនសមាជិកសមាជិកានៃសិក្ខាសាលា ឱ្យចិត្តទុកដាក់ខ្ពស់លើអាទិភាពសំខាន់ៗ រួមមាន៖ ទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ការដឹកជញ្ជូននិរន្តរភាព ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានមានប្រសាសន៍នៅក្នុងសុន្ទរកថាស្វាគមន៍របស់ឯឧត្ដមថា ការងារលេចធ្លោមួយចំនួនគួរឱ្យកត់សម្គាល់របស់ ក.ជ.អ.ច.រួមមាន៖ ១) ដាក់បញ្ចូលការអភិវឌ្ឍដោយចីរភាព ការអភិវឌ្ឍបៃតង ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងគោលនយោបាយជាតិប្រជាជន និង ២)រៀបចំបញ្ចប់ការសិក្សា និងប្រកាសដាក់ឱ្យប្រើប្រាស់នូវ៖ ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ២០១៨-២០៣០,សំណើគោលនយោបាយសារពើពន្ធសម្រាប់យានយន្ត, របាយការណ៍ស្តីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុប្រទេសកម្ពុជា, របាយការណ៍ស្តីពីការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា, របាយការណ៍ជាតិលើកទី៦ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និង ៣) ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ជាដើម។
ឯកឧត្តមបានបន្ថែមថា អគ្គលេខាធិការដ្ឋានកំពុងបន្តការសិក្សាស្រាវជ្រាវសំខាន់ៗ មួយចំនួនទៀត ទាក់ទងនឹងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ប្រសិទ្ធភាពសេដ្ឋកិច្ចនៃថាមពលពន្លឺព្រះអាទិត្យ ការទាញយកឥន្ធនៈពីសំណល់រឹង ការគ្រប់គ្រងសំណល់រាវបែបវិមជ្ឈការ ស្តង់ដាអគារបៃតង កម្មវិធីយានយន្តអគ្គិសនី បច្ចេកវិទ្យានុយក្លេអ៊ែរ ការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៊ី។ល។
ឯកឧត្តមអគ្គលេខាធិការក៏បានបន្ថែមទៀតថា សមិទ្ធិផលទាំងអស់នេះកើតឡើងដោយសារការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ជាក់លាក់ រឹងមាំ និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ ក.ជ.អ.ច. ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន ក.ជ.អ.ច. ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពចំពោះការងាររបស់អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ជាពិសេសគំនិតផ្តួចផ្តើមថ្មីៗ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់ជាតិ ក្នុងការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ការលើកម្ពស់សេដ្ឋកិច្ចបៃតង ការសិក្សាស្រាវជ្រាវបែបវិទ្យា បច្ចេកវិទ្យានវានុវត្តន៍ និងរដ្ឋបាលទំនើប ជាដើម។
សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រសួងបរិស្ថានក្នុងគោលបំណងដើម្បីបង្ហាញមេរៀន បទពិសោធន៍ទទួលបាន ពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមប្រមាណជា ៣០០នាក់។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
ថ្ងៃ អង្គារ, 27 តុលា, 2020 ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 27 តុលា, 2020 សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០
ថ្ងៃ ចន្ទ, 26 តុលា, 2020 សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០