ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកវេទិកាស្តីពីសហគ្រិនភាពក្នុងវិស័យសេដ្ឋកិច្ចសមុទ្រនៅប្រទេសចិន

នៅថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង ហុង អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិប្រទេសចិន ឯកឧត្តម អភិបាលរងខេត្តក្វាងទុង និងតំណាងអង្គការអន្តរជាតិមួយចំនួន បានអញ្ជើញជាអធិបតី និងចូលរួមថ្លែងសុន្ទរកថាបើក ក្នុងវេទិកាស្តីពីសហគ្រិនភាពក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ដែលបានប្រារព្ធឡើងនៅទីក្រុងស៊ិនចិន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមផងដែរពីភ្ញៀវកិត្តិយសប្រមាណ ៧០០នាក់។
ឯកឧត្តម វ៉ាង ហុង បានអំពាវនាវតាមរយៈវេទិកានេះសូមឱ្យមានការគិតគូរពិចារណាលើការប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តភាព ការបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសមុទ្រ និងការបង្កើនភាពជាដៃគូរ តាមរយៈគំនិតផ្តូចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ជាមួយនេះដែរ ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិប្រទេសចិន ក៏បានស្នើសុំក្រុមហ៊ុនឧស្សាហកម្មសមុទ្រសំខាន់ៗ បន្ត និងលើកកម្ពស់កិច្ចសហការជាមួយប្រទេសចិន តាមរយៈយុទ្ធសាស្ត្រនានា ដែលបានកំណត់តាមរយៈគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
ឯកឧត្តម អភិបាលរងខេត្តក្វាងទុង ក្នុងឪកាសនេះដែរ បានលើកឡើងថា ក្រុងស៊ិនចិន ខេត្តក្វាងទុងជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសចិន។ កន្លងមកផ្ទៃសមុទ្រនៅទីនេះ ទទួលរងនូវការបំពុលយ៉ាងខ្លាំង ប៉ុន្តែបច្ចុប្បន្ននេះ ជាមួយការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ សមុទ្របានប្រែក្លាយជាបៃតង ដែលផ្តល់នូវអត្ថប្រយោជន៍ពហុបំណងសម្រាប់ប្រជាជនខេត្តក្វាងទុង និយាយដោយឡែក និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រសាកល និយាយជារួម។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសចិន ដែលបានគាំទ្រវិស័យបរិស្ថានកម្ពុជា ជាពិសេសវិស័យសមុទ្រនាពេលកន្លងមក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សមិទ្ធិផលមួយចំនួនបានលេចចេញជារូបរាងគួរកត់សម្គាល់។ ឯកឧត្តម បានលើកឡើងពីផលប្រយោជន៍សមុទ្រពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ដោយបានស្នើសុំឱ្យអង្គវេទិកាពិភាក្សាលើបច្ចេកវិទ្យាថ្មី សម្រាប់ការអនុវត្តអាជីវកម្មប្រកបដោយនិរន្តភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចលើផ្ទៃសមុទ្រមានការរីកចំរើន ជាមួយនឹងកំណើនវិសាលភាពនៃអាជីវកម្ម ដើម្បីឆ្លើយតបតាមតម្រូវការនៃកំណើនប្រជាជន សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលកត្តាទាំងនេះបានបង្កនូវសម្ពាធដ៍ធ្ងន់ធ្ងរលើសមុទ្រ។ ទន្ទឹមនេះដែរ ឯកឧត្តម បានកត់សម្គាល់ថា កន្លងមក ថ្នាក់ដឹកនាំពិភពលោកក៏បានធ្វើការអំពាវនាវ រៀបចំនូវវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការលើកស្ទួយសេដ្ឋកិច្ចពិភាពលោក និងធ្វើការចែករំលែកប្រកបដោយតម្លាភាព។ វេទិកានោះគឺ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែលបានផ្តួចផ្តើមឡើងដោយប្រមុខរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានបង្ហាញពីការចូលរួមរបស់កម្ពុជាលើកិច្ចប្រឹងប្រែងក្នុងតំបន់អាស៊ានលើកិច្ចគាំពារ និងអភិរក្សាបរិស្ថានសមុទ្រ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន បូក០៣ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរដទៃទៀតផងដែរ។

ព័ត៌មានបន្ថែម

កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021 កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន