ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមពិព័រណ៍ សេដ្ឋកិច្ចសមុទ្រចិន ឆ្នាំ២០១៩
ថ្ងៃ អាទិត្យ, 13 តុលា, 2019ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមពិព័រណ៍ សេដ្ឋកិច្ចសមុទ្រចិន ឆ្នាំ២០១៩
នៅវេលាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន អញ្ជើញទៅចូលរួមកម្មវិធីពិព័រណ៍សេដ្ឋកិច្ចសមុទ្រចិន ឆ្នាំ២០១៩ នៅទីក្រុងស៊ិនចិន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំប្រារព្ធឡើងរយ:ពេលបីថ្ងៃចាប់ថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០១៩ តាមរយៈកិច្ចសហការរវាងក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តក្វាងទុង ក្រោមប្រធានបទស្តីពីការចែករំលែកនូវឱកាសនៃសេដ្ឋកិច្ចស្មើគ្នា ដើម្បីការកសាងអនាគតរួម ដោយត្រូវបានរំពឹងថា នឹងផ្តល់នូវឱកាសធុរៈកិច្ចប្រកបដោយសក្តានុពលសម្រាប់ឧស្សាហកម្ម ដែលមានប្រភពពីសមុទ្រ។ ព្រឹត្តិការណ៍នេះ រៀបចំដោយមានវេទិកាធំចំនួន៣ គឺ វេទិកាស្តីពីសហគ្រិនភាពក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងវេទិកាស្តីពីកិច្ចអភិវឌ្ឍសមុទ្រនៃតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។
តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម រដ្ឋលេខាធិការ នឹងត្រូវចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងថ្លែងសុន្ទរកថា ក្នុងវេទិកាស្តីពីសហគ្រិនភាពក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ និងបន្តចូលរួមជាវាគ្មិនក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ក្នុងឱកាសនៃការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ឯកឧត្តម អ៊ាង សុផល្លែត នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីចិន លើការជំរុញបន្តនូវកិច្ចសហប្រតិបត្តិការសមុទ្រជាមួយរដ្ឋបាលសាគរចិន និងផ្នែកឯកជន ដើម្បីកៀរគរការវិនិយោគ ដែលរួមចំណែកដល់កិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។