កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នឹងបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងដោយមានការចូលរួមពីរដ្ឋមន្ត្រីបរិស្ថាន គណៈប្រតិភូតំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រីស្ថាប័ន ពាក់ព័ន្ធនានាសរុបប្រមាណ ៤០០នាក់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីពិធីបើកជាផ្លូវការនិងមានពិធីដាំដើមផ្កាក្រវ៉ាន់នៅសួនផ្កាក្រវ៉ាន់សៀមរាបនៅមុខប្រាង្គប្រាសាទអង្គរវត្តនៅពេលព្រឹក រដ្ឋមន្ត្រីបរិស្ថានអាស៊ាននឹងចាប់ផ្តើមកិច្ចប្រជុំលើកទី១៥ របស់ខ្លួននៅពេលរសៀលដើម្បីពិនិត្យលើកិច្ច សហប្រតិបត្តិការលើវិស័យបរិស្ថាននិងធនធានធម្មជាតិក្នុងបណ្តាសមាជិកអាស៊ាន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានដែលកម្ពុជា ជាប្រធាន និងឥណ្ឌូនេស៊ីជាអនុប្រធាននឹងជជែកពិភាក្សាលើបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែនជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងផងដែរថានៅថ្ងៃទី២ នៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឯកសារសំខាន់ចំនួន ៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន (១) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅ​កិច្ចប្រជុំកំពូលលើកទី ២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ​​ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC) (២) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង (៣) សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់​ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់ តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាជាប្រធានកិច្ចប្រជុំនិងរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។

ចំណែកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំលើកទី១៥ នឹងមានកិច្ច​ប្រជុំលើកទី ១៥ នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានឱ្យដឹងផងដែរថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃ​​រដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងអាស៊ាន និងប្រទេសដៃគូសន្ទនា។ ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការ​ងារ​សហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូច​ជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ច​សហ​ប្រតិបត្តិការ​បរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំង​កិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសប្រ៊ុយណេដែលជាប្រទេសម្ចាស់ផ្ទះ៕

ព័ត៌មានបន្ថែម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានតម្រង់ទិសយុវជនដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា
ថ្ងៃ អាទិត្យ, 20 តុលា, 2019 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានតម្រង់ទិសយុវជនដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ
ថ្ងៃ សៅរ៍, 19 តុលា, 2019 ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ
សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 18 តុលា, 2019 សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន