រដ្ឋលេខាធិការក្រសួងបរិស្ថានជំរុញឱ្យគ្រប់មជ្ឈដ្ឋាន​ ទាំងអស់ប្រតិបត្តិមេត្រីភាពបរិស្ថានដើម្បីធានាគុណភាពនិងនិរន្តរភាព​​​បរិស្ថាននៅកម្ពុជា

«ក្រសួងបរិស្ថានបានបង្កើតឱ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់ប័ណ្ណ​សរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ការប្រកួតប្រជែងពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស រោងចក្រ ដែលបានចូលរួមសកម្មភាពមេត្រីភាពបរិស្ថានផ្តោតសំខាន់ទៅលើការលើកទឹកចិត្តដល់រូបវន្តបុគ្គល ដែលមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន។»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលនៃពិធីបើកសិក្ខាសាលាស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាននៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ។ សិក្ខាសាលា ស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាននេះត្រូវបានរៀបចំឡើយដោយនាយកដ្ឋានរង្វាន់និងលើកទឹកចិត្តនៃ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីយុវជន និងនិស្សិតជាង ១០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការមានទម្លាប់ល្អចំពោះបរិស្ថាន ឬការធ្វើសកម្មភាពមេត្រីភាពបរិស្ថានមិនមែនជាការលំបាកទ្បើយ ប៉ុន្តែអ្វីដែលលំបាកគឺឥរិយាបថអវិជ្ជមានចំពោះបរិស្ថានរបស់យើងទៅវិញទេ។ ដូចនេះ ការកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមានចំពោះបរិស្ថានទៅជាការធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាមួយចាំបាច់ដោយចាប់ផ្តើមពីបុគ្គលយើងម្នាក់ៗ បន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖«ប្រការសំខាន់ក្នុងការចាប់ផ្តើមមានទម្លាប់ល្អខាងបរិស្ថាន គឺផ្តើមចេញពីការចេះឈឺឆ្អាលក្នុងការសម្អាតអនាម័យបរិស្ថាន ការទុកដាក់វេចខ្ចប់សំណល់ដែលយើងបង្កើតទ្បើងឱ្យបានត្រឹមត្រូវ ពោលគឺចេះទុកដាក់សំណល់សំរាមក្នុងធុង មិនបោះចោលសំរាមពាសវាលពាសកាល ចេះសន្សំសំចៃថាមពលនៅផ្ទះ និងនៅកន្លែងធ្វើការ ចេះសន្សំសំចៃការប្រើប្រាស់ទឹក ការដាំដើមឈើ និងរុក្ខជាតិផ្សេងទៀតដើម្បីបរិស្ថានបៃតង»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុង​យកចិត្តទុកដាក់​​កាន់តែខ្លាំងឡើងៗទៅលើការបែ្រប្រួលអាកាសធាតុ និង ខិតខំជំរុញការអភិវឌ្ឍបៃតងដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការរស់នៅដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស យុវជន សិស្ស និស្សិត ដែលជាសរសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិ សូមចូលរួមអនុវត្តទម្លាប់ល្អ ស្រលាញ់ និងថែរក្សា បរិស្ថាន ឱ្យកាន់តែច្រើនឡើងៗ ដើម្បីប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសមានបរិស្ថានស្អាត មានខ្យល់បរិសុទ្ធ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅដោយចីរភាពនៅកម្ពុជា»។

ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ដើម្បីកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមថែរក្សា ការពារបរិស្ថាន គឺមិនមែនជាការងាយស្រួលនោះទេ យើងចាំបាច់ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការចូលរួមរបស់បុគ្គលម្នាក់ៗ ដើម្បីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ តាមរយៈវេទិការនៅថ្ងៃនេះ អ្នកចូលរួមជាពិសេសយុវជនកម្ពុជា នឹងបន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

​​សូមជម្រាបថា នៅក្នុងនីតិកាលទី៦ នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤» បន្តពី​យុទ្ធសាស្ត្រ​ចតុកោណដ៏ជោគជ័យចំនួន ៣ ដំណាក់កាលកន្លងមក ដោយ​ផ្តោតការយកចិត្ត​ទុកដាក់​កាន់តែខ្លាំងឡើងទៅលើ​ការ​សម្របខ្លួន​របស់កម្ពុជាចំពោះ​ការប្រែ​ប្រួល​​អាកាស​ធាតុ និងការអភិវឌ្ឍ​ដោយចីរភាព បន្ថែមលើ​កិច្ចខិតខំ​ប្រឹង​ប្រែង និង​សមិទ្ធផល​ផ្នែកសេដ្ឋកិច្ច-សង្គមជាច្រើន ​ដែល​សម្រេច​បានក្នុង​នីតិកាលមុនៗ។ ជាក់ស្តែង កញ្ចប់​ថវិកាជាតិ​ ដែល​ត្រូវបាន​វិភាជន៍​សម្រាប់​ការចំណាយ​លើ​ការងារប្រែប្រួល​អាកាស​ធាតុ​​ មានការ​កើន​ឡើង​ជាលំដាប់ ហើយ​ការវិនិយោគ​របស់​រាជរដ្ឋាភិបាលក្នុងផ្នែក​បម្រែបម្រួល​អាកាស​ធាតុ ​បានកើនឡើង​ជាង ​៣ ដង នៅក្នុង​រយៈ​ពេល៨ឆ្នាំ​ចុងក្រោយនេះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ឆ្លើយតបនឹងនិន្នាការឈានឡើងយ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា ក្រសួងបរិស្ថានបានខិតខំ​លើក​កម្ពស់​​ប្រសិទ្ធភាព​ការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌ​ច្បាប់​និង​គោល​នយោបាយជាបន្តបន្ទាប់ ដើម្បី​ពង្រឹង​ភាព​ជាដៃគូ​កាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស​វិស័យ​ឯកជន ក្នុងការលើក​កម្ពស់​អនុលោមភាព​ទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារបរិស្ថាន ព្រមទាំង​គាំទ្រ​ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការរស់នៅរបស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ចីរភាព។

«ក្នុងន័យនេះ ក្រសួងបាននិងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដូចជា​ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនីនិង​អេឡិចត្រូនិក និង​ថង់ប្លាស្ទិក ជាដើម​។ ក្រសួងក៏​កំពុង​យកចិត្តទុកដាក់ខ្ពស់ក្នុងការ​ជំរុញ​ចលនា​ប្រឡងប្រណំាងទីក្រុង​ឈានមុខ គម្រោង ​បៃតង ការគ្រប់សំរាម​សំណល់​រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំ​សួនច្បារ​បៃតង ការសន្សំសំចៃថាមពល​និង​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែល​បង្ក​លក្ខណៈ​ឱ្យមាន​បរិស្ថាន​នៃការរស់នៅ និង​ការអភិវឌ្ឍដោយចីរភាព»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា មុននឹងគូសបញ្ជាក់ថា៖«ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាភាពចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅរួមមួយ ពោលគឺការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយ​ដ៏រស់រវើក គុណភាពនិងនិរន្តរភាព​​​បរិស្ថាន និង​កេរ្តិ៍ដំណែល​​ធនធាន​ធម្មជាតិ​​របស់​​​កម្ពុជា ត្រូវ​បាន​ការពារ​ និង​អភិរក្ស​សម្រាប់​ជា​ប្រយោជន៍ដល់​​​ប្រជាជន​កម្ពុជា​គ្រប់រូប»។

ព័ត៌មានបន្ថែម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានតម្រង់ទិសយុវជនដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា
ថ្ងៃ អាទិត្យ, 20 តុលា, 2019 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានតម្រង់ទិសយុវជនដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ
ថ្ងៃ សៅរ៍, 19 តុលា, 2019 ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ
សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 18 តុលា, 2019 សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន