សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

​ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងបរិស្ថាននឹងរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។​ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ នឹងពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើវិស័យបរិស្ថាន ក្នុងនោះរួមមានបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាព​បរិស្ថានជាដើម។

ឯកសារសំខាន់ចំនួន ៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន (១) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅ​កិច្ចប្រជុំកំពូលលើកទី២៥នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ​​ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC) (២) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង (៣) សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។

​នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃ​​រដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងកិច្ច​ប្រជុំលើកទី១៥នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការ​ងារ​សហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូច​ជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។ ជាមួយគ្នានេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់​ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន។

​នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក៏នឹងមានពិធីដាំដើមផ្កាក្រវ៉ាន់នៅមុខប្រាង្គប្រាសាទអង្គរផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ច​សហ​ប្រតិបត្តិការ​បរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំង​កិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសប្រ៊ុយណេដែលជាប្រទេសម្ចាស់ផ្ទះ៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រី និងមន្ត្រីៗចំនួននៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ថ្ងៃ ព្រហស្បតិ៍, 2 មេសា, 2020 រដ្ឋមន្ត្រី និងមន្ត្រីៗចំនួននៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
សកម្មភាពចុះល្បាតរបស់​មន្ត្រី​ឧទ្យានុរក្ស​នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 30 មិនា, 2020 សកម្មភាពចុះល្បាតរបស់​មន្ត្រី​ឧទ្យានុរក្ស​នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​
គោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»
ថ្ងៃ ចន្ទ, 30 មិនា, 2020 គោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»