រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថាមពលដើរតួនាទីសំខាន់នៅក្នុងគាំទ្រកំណើនសេដ្ឋកិច្ច និងស្នើមន្ត្រីជំនាញគិតគូរនិងវាយតម្លៃជាយុទ្ធសាស្ត្រថាកម្ពុជាត្រូវជ្រើសរើសប្រភពថាមពលអ្វីដើម្បីប្រើប្រាស់តទៅអនាគត

សិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក្នុងការរៀបចំផែនការវិស័យថាមពលនៅកម្ពុជា»ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការ ចូលរួមពីលោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ជាច្រើនរូប
ចូលរួម។

ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ចំពោះកម្ពុជាក្នុងការរៀបចំនូវគោលនយោបាយអំពីសុវត្ថិភាពថាមពល។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖«ទោះបីជាក្រសួងបរិស្ថាន ក៏ដូចជាជាក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពមិនមែនជាស្ថាប័នទទួលបន្ទុកដោយផ្ទាល់ លើថាមពលក៏ដោយ ប៉ុន្តែនេះគឺជាការចូលរួមរបស់ក្រសួងក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពក្នុងការអភិវឌ្ឍជាតិរបស់យើង»។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានប្តេជ្ញាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឆ្ឆ្ពោះទៅ សម្រេច ឋានៈ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងសម្រេច ចក្ខុ វិស័យ កម្ពុជាឆ្នាំ ២០៥០ ជា ប្រទេស អភិវឌ្ឍ តាមរយៈការ បន្ត ទ្រទ្រង់ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តចតុកោណ ដំណាក់ កាលទី៤ បានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍប្រកប ដោយចីរភាព និង បរិយាប័ន្ន រួមទាំងការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រឹងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះរួមទាំងការលើក ទឹក ចិត្ត និងបង្កើនការវិនិយោគ លើថាមពល ស្អាត និង ថាមពលកកើតឡើងវិញ ពិសេសថាមពល ពន្លឺព្រះអាទិត្យ ទន្ទឹមនឹងការកាត់បន្ថយ ការផលិតថាមពល ពី ប្រភពមិនស្អាតដើម្បីធានាសន្តិសុខថាមពលរយៈពេលវែង។ ឯកឧត្តមរដ្ឋមន្ត្រីក៏ បានស្នើដល់មន្ត្រីជំនាញជាតិនិងអន្តរជាតិពិភាក្សានិងគិតគូរវាយតម្លៃជាយុទ្ធសាស្ត្រថាកម្ពុជាត្រូវជ្រើស រើសប្រភពថាមពលអ្វីដើម្បីប្រើប្រាស់សម្រាប់ថ្ងៃអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ថាមពល បានដើរតួនាទីសំខាន់នៅក្នុងគាំទ្រលើកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា៖«ការគូសវាសនិងគិតគូររបស់យើងនៅពេលនេះនឹងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយរាប់ជំនាន់ ហើយកម្ពុជានឹងក្តាប់មកវិញនូវមោទនភាព ជាតិ គុណភាពនិងនិរន្តរភាពបរិស្ថានត្រូវបានធានា»។

លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា មានប្រសាសន៍ថា៖ការរៀបចំសិក្ខាសាលានាថ្ងៃនេះឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ADB ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បណ្តាប្រទេសសមាជិកដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនិងនិរន្តភាពបរិស្ថានក្នុងតំបន់។ លោកស្រីជឿជាក់ថាមន្ត្រីជំនាញជាតិនិងអន្តរជាតិនឹងផ្លាស់ប្តូរបទពិសោធក៏ ដូចជាចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកទាក់ទងនឹងប្រធានបទ«ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក្នុងការ រៀបចំផែនការវិស័យថាមពលនៅកម្ពុជា»។

គួរបញ្ជាក់ថាសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ៣ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវ សម្រេចបាននូវគោលបំណង នៃការលើកកម្ពស់ការ យល់ដឹង ក៏ដូចជាការៀបចំផែនការផ្សព្វផ្សាយ និងអនុវត្តការងារវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តនៅតាមវិស័យពាក់ព័ន្ធនីមួយៗ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប