(សៀមរាប)៖ ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួងបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។

ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន ដែលជាសមាជិកនៃគណៈកម្មការអន្តរក្រសួងជាច្រើននាក់ទៀត។

អង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»។

ផែននការយុទ្ធសាស្ត្រទាំង៤នោះ រួមមាន៖ ១-ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ២-បង្កើតភាពប្រកួតប្រជែង ៣-បង្កើតការតភ្ជាប់ និង ៤-បង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។

ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួងបានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មី ក្រៅពីប្រាសាទអង្គរ៖

១. នៅតំបន់បឹងទន្លេសាប៖ សិក្សាបង្កើតសកម្មភាពកម្សាន្តបន្ថែមលើបឹងទន្លេសាប ដូចជា សេវាស្នាក់នៅជាមួយប្រជាជននៅលើទឹក ឬនៅតាមភូមិមាត់ទឹក ការជិះរទេះគោក្របី ឬដើរកម្សាន្តតាមភូមិជាបឹងទន្លេសាបជាលក្ខណៈកញ្ចប់ ដែលអាចពន្យារពេលការស្នាក់នៅរបស់ទេសចរ។ ពង្រឹងគុណភាពសេវាកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នៅក្នុងតំបន់នេះ។ ក្រៅពីនេះ ក៏មានគម្រោងរៀបចំរៀបចំជាភូមិទេសចរណ៍ធម្មជាតិ (Eco-village) ដែលមានរចនាប័ទ្មខ្មែរជនបទស៊ីចង្វាក់គ្នាជាមួយភូមិធម្មជាតិនីមួយៗ ដោយមានការវិនិយោគបដិភាគកម្រិតណាមួយរបស់វិស័យសាធារណៈ។ កែលម្អផ្លូវទៅកាន់កំពង់ផែបឹងទន្លេសាប៖ កំពង់ភ្លុក កំពង់ឃ្លាំង មេជ្រៃ និងបឹងពារាំង។

២. នៅឧទ្យានជាតិគូលែន៖ រៀបចំផែនការមេអភិវឌ្ឍន៍រមណីយដ្ឋានឧទ្យានភ្នំគូលែន ជាទេសចរណ៍បែបអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍សាសនា
រៀបចំជាខ្សែដំណើរកម្សាន្តជាលក្ខណៈ Trekking និង Hiking តាមកម្រិតខុសៗគ្នា។ បង្កើតជាមជ្ឈមណ្ឌលព័ត៌មានជីវចម្រុះក្នុងឧទ្យាន ដើម្បីផ្តល់ព័ត៌មាន សេដ្ឋកិច្ច និងអប់រំពីជីវចម្រុះ និងបរិស្ថានរបស់ឧទ្យាន និងអាចបណ្តុះលក់ពូជផ្កា និងរុក្ខជាតិមួយចំនួនដាក់បង្ហាញ និងលក់ជូនភ្ញៀវ។ រៀបចំសម្បទាទ្រទ្រងវិស័យទេសចរណ៍ ឱ្យមានលក្ខណៈជានិរន្តរភាព។ បង្កើតសួនទេសចរណ៍នៅឧទ្យានភ្នំគូលែន។ ជំរុញការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងវិស័យទេសចរណ៍។ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ តាមរយៈការចងក្រងជាសហគមន៍ទេសចរណ៍។ រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់ទឹកធ្លាក់ធំ និងព្រះអង្គរធំ និងតំបន់ទេសចរសំខាន់ៗផ្សេងៗទៀត ឲ្យអាចទទួលទេសចរវ័យចំណាស់បាន ដោយរៀបចំឲ្យហេដ្ឋារចនាសម្ព័ន្ធស៊ីចង្វាក់គ្នាជាមួយធម្មជាតិ និងវប្បធម៌របស់ឧទ្យានភ្នំគូលែន។ កែលម្អរចនាសម្ព័ន្ធផ្លូវទៅកាន់ប្រាសាទ និងរមណីយដ្ឋានចម្បងៗនៅក្នុងព្រៃ ដើម្បីធ្វើដំណើរមានភាពងាយស្រួល និងរយៈខ្លី។ បង្កើតព្រឹត្តការណ៍សាសនាប្រចាំឆ្នាំ ដូចជា ទិវាពិសាខបូជាជាដើម និងជំរុញទេសចរសាសនាមកកាន់តំបន់សក្ការៈនៅលើភ្នំគូលែន។

ក៏មានគម្រោងបង្កើត Siem Reap Pass t’mugsm ក្រោមយុទ្ធនាការ «SRP Beyond temple» ដែលតភ្ជាប់ការទស្សនាតំបន់ទេសចរណ៍សំខាន់ៗជាកញ្ចប់៖
* ប្រាសាទអង្គរ និងប្រាសាទក្រៅតំបន់អង្គរ
* ប្រាសាទអង្គរ និងបឹងទន្លេសាប
* ប្រាសាទអង្គរ និងភ្នំគូលែន
* ប្រាសាទអង្គរ និងទីតាំងទេសចរណ៍ក្នុងក្រុង
* ប្រាសាទអង្គរ និងតំបន់គោលដៅទេសចរណ៍នៅខេត្តជុំវិញ។

៣. ទីក្រុងសៀមរាប៖ រៀបចំបង្កើតវីថីម្ហូបអាហារ ដើម្បីជំរុញបង្កើនចំនួនទេសចរជាតិ និងអន្តរជាតិ។ ពិនិត្យលទ្ធភាពរៀបចំនៅកំណាត់ផ្លូវ៦០ម៉ែត្រ ក្បែររង្វង់មូលខ្យុងយូរ ឬកន្លែងណាមួយសមស្រប ដែលរដ្ឋបាលខេត្តសៀមរាបអាចផ្តល់បាន ដើម្បីធ្វើជាតំបន់ Smart Grand Siem Reap នាពេលអនាគត ក្នុងគោលបំណងបង្វែរការអភិវឌ្ឍធំៗទៅកាន់ទីក្រុងថ្មីនេះ ហើយរក្សាអត្តសញ្ញាណទីក្រុងចាស់មិនឱ្យបាត់ទិដ្ឋភាពជា «ទីក្រុងបេតិកភណ្ឌ»។ កែលម្អផ្លូវមាត់ស្ទឹងសៀមរាប ឱ្យក្លាយជាស្ទឹងទេសចរណ៍ប្រណីត (ចាប់ពីព្រះរាជដំណាក់រហូតដល់បឹងទន្លេសាប)។ ពង្រឹងផ្លូវថ្មើរជើងឱ្យបានច្រើនជាងមុន ជាពិសេសផ្លូវថ្មើរជើងនាពេលរាត្រី។ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពចិញ្ចើមថ្នល់។ បន្តកែលម្អការគ្រប់គ្រងសំណល់រឹង និងរាវ។

៤. តំបន់ប្រាសាទអង្គរ៖ សិក្សា និងដាក់ឱ្យដំណើរការគម្រោងទស្សនាប្រាសាទអង្គរពេលរាត្រី។ ការបញ្ចាំងភ្លើង និងការទស្សនាក្រៅប្រាសាទដើម្បី នាពេលរាត្រី តែត្រូវការពារសុវត្ថិភាពប្រាសាទ និងវត្ថុបុរាណ។ រៀបចំខ្សែទស្សនកិច្ចពិសេស Angkor Night សម្រាប់ទស្សនាប្រាសាទមួយចំនួននាពេលរាត្រី។ ជំរុញការរៀបចំទេសចរជិះកង់ ដោយសារទេសចរណ៍ប្រភេទនេះកំពុងកើនឡើងយ៉ាងខ្លាំង និងនាំមកនូវតម្លៃបន្ថែមច្រើន។

លោករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងនាពេលខាងមុខនោះ រាជរដ្ឋាភិបាលត្រូវបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានការអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ និងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ ខណៈក្រុងសៀមរាបបច្ចុប្បន្ន មិនអនុញ្ញាតឱ្យកសាងអគារមានកម្ពស់ខ្ពស់ៗ អាកាសយានដ្ឋានក៏មិនអាចពង្រីកបន្ថែម។ ក្រុងសៀមរាបថ្មីនេះ ត្រូវបានបង្ហើបថាមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ៕

ព័ត៌មានបន្ថែម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានតម្រង់ទិសយុវជនដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា
ថ្ងៃ អាទិត្យ, 20 តុលា, 2019 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានតម្រង់ទិសយុវជនដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ
ថ្ងៃ សៅរ៍, 19 តុលា, 2019 ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ
សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 18 តុលា, 2019 សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន