នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញ សម្ពោធបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Chief Tower” ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍និងអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន JS PROPERTY INTERNATIONAL ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនក្នុងការកសាងអគារពាណិជ្ជកម្ម CHIEF TOWER នេះឡើង ជាមួយនឹងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗសម្រាប់ការធ្វើធុរកិច្ច ការស្នាក់នៅ និងការធ្វើអាជីវកម្មនានា ប្រកបដោយភាពងាយស្រួល និងស្តង់ដាខ្ពស់។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តដ៏មុតមាំរបស់វិនិយោគិន មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញអំពីការគិតគូរដ៏ឈ្លាសវៃរបស់វិនិយោគិនចំពោះទីផ្សាកម្ពុជាដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា និងប្រកបដោយភាពទាក់ទាញផងដែរ។ ក្រសួងបរិស្ថានបានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារ បរិស្ថាន ព្រមទាំងគាំទ្រដល់ការប្រកបធុរកិច្ចរបស់សហគ្រាស ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបាន និងកំពុងកសាងព្រមទាំងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក និងថង់ប្លាស្ទិក ព្រមទាំងការអនុវត្ត “ផែនការយុទ្ធសាស្ត្រទីក្រុងបៃតងសម្រាប់រាជធានីភ្នំពេញ ២០១៦-២០២៥” ផងដែរ។ ក្រសួងក៏កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញចលនាប្រឡងប្រណំាងទីក្រុងឈានមុខ គម្រោងបៃតង ការគ្រប់គ្រងសំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពលនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែលបង្កលក្ខណៈឱ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រាប់ទាំងបទដ្ឋាននិងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពពាក់ព័ន្ធក្នុងវិស័យសំណង់ ដើម្បីធានាបាននូវគុណភាព សោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ពិតណាស់ការអនុវត្តបានខ្ជាប់ខ្ជួនតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៅកម្ពុជា ពីសំណាក់វិនិយោគិន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គុណភាពបរិស្ថាន និងសុខដុមរមនាក្នុងសង្គម។ ក្រសួងរីករាយនឹងផ្តល់កិច្ចសហការនានា ប្រសិនបើក្រុមហ៊ុនមានតម្រូវការ ឬសំណូមពរណាមួយ ដើម្បីយើងអាចសម្រេចនូវគោលដៅរួមខាងលើបានល្អប្រសើរ។

 

ព័ត៌មានបន្ថែម

ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ថ្ងៃ សុក្រ, 17 តុលា, 2025 ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម