ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថានទាំងអស់ និងអង្គការដៃគូនៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះសមិទ្ធផលនានាដែលក្រសួងសម្រេចបានក្នុងរយៈពេល៤ឆ្នាំកន្លងមក ទាំងក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានអគ្គនាយកដ្ឋានជំនាញចំនួន៥ ដែលរួមមានអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។ ក្រៅពីនេះ ក៏មានដែរ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបានពិភាក្សាគ្នាអស់រយៈពេល២ថ្ងៃមកហើយ។

ទន្ទឹមនឹងនោះ ឯកឧតតមបន្តថា សមិទ្ធផលទាំងនេះ គឺជាកិ្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្តេជ្ញាចិត្តមោះមុតរបស់ថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថានទាំងមូលក្នុងការធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នដោយអនុលោមតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការ ជាពិសេសកំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួងបរិស្ថានដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រសួងបានសម្រេចនាពេលនេះ គឺពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់លើខ្លួនឯង ក្នុងការកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងភាពសុខដុមរមនា។ ម្យ៉ាងវិញទៀត សមិទ្ធផលទាំងនេះ ក៏ជាលទ្ធផលនៃកិច្ចសហការរបស់បណ្តាក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលមានគោលដៅធានាឱ្យតុល្យភាពរវាង ការអភិរក្ស និងការអភិវឌ្ឍ ស្របតាមទស្សនាទាន ការអភិវឌ្ឍដោយចីរភាពដែលតម្រូវឱ្យមានតុល្យភាពរវាងបរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញនិងលើកទឹកចិតដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សបន្តអនុវត្តឱ្យបានខ្លាំងក្លាថែមទៀតនូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីសម្រេចឱ្យបានជោគជ័យនូវបេសកកម្ម និងបំណងជាយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលរួមាន៖ “ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព”៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩