តាមរយៈសារសម្លេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាច«ស្គាល់ប្រទេសខ្លួនឯង» និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា គឺជាសម្បត្តិទ្រព្យដែលដូនតាយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ បានស្គាល់ បានសិក្សាស្រាវជ្រាវ ចូលរួមការពារនិងអភិរក្សសម្រាប់ប្រយោជន៍កូនចៅខ្មែរតជំនាន់។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ សន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈនយោបាយឈ្នះឈ្នះនៃការបង្កើតនិងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង២០ឆ្នាំកន្លងមក។

ទិដ្ឋភាពដែលកូនខ្មែរមានការចងចាំ មុនឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ មិនអាចដើរកម្សាន្តតាមព្រៃភ្នំ ស្ងប់ស្ងាត់ ស្តាប់សំលេងសត្វ ទឹកជ្រោះ ឬក៏សម្រាកលំហែរកាយ ញាំអាហារ កម្សាន្តជាមួយគ្រួសារ មិត្តភក្ត តាមតំបន់ធម្មជាតិឆ្ងាយៗ ដូចបច្ចុប្បន្នឡើយ។ ការចូលព្រៃនាពេលនោះ មិនទាន់មានការបង្រួបបង្រួមជាតិ មានតែការភ័យខ្លាចជាមួយគ្រាប់កាំភ្លើង គ្រាប់មីន និងអសន្តិសុខជាដើម។ ការផ្លាស់ប្តូរនៅពេលកម្ពុជាមានសន្តិភាពពេញលេញ ផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាបានស្គាល់«សម្រស់ស្រុកយើង» គឺបានស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់ និងបានស្គាល់ពីតម្លៃនៃធនធានធម្មជាតិសម្បូរបែបនៅក្នុងមាតុភូមិកម្ពុជា។
កូនខ្មែរកាន់មានមោទកភាពនៅពេលក្លាយជា ម្ចាស់ទឹកដី ទទួលមរតកពីដូនតា ល្បីរន្ទឺលើពិភពលោក ដូចជាតំបន់ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ តំបន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយកម្ពុជានៅមានតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ការពារធម្មជាតិនានាផ្សេងទៀត។
ការជំរុញទេសចរណ៍ធម្មជាតិ ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ប្រជាពលរដ្ឋមួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វដូចពេលមុនរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ធម្មជាតិ។ ក្រសួងបរិស្ថាន បានចាត់ទុកថា នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារ និងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់មាតុភូមិ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ៧,៣ លានហិកតា ស្មើ ៤១% នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។ បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននឹងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។
សហគមន៍មូលដ្ឋាន បានទទួលប្រយោជន៍ពីការកម្សាន្តតាមតំបន់ធម្មជាតិ តាមរយៈចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋមានជម្រើសថ្មីនៅពេលប្រទេសមានការរីកចម្រើន គឺពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារនៅក្នុងខេត្តកំពង់ស្ពឺ តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជូនភ្ញៀវ ជួយយួរអីវ៉ាន់ឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ប្រជាពលរដ្ឋពីទេសចរណ៍ធម្មជាតិ។
លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតទេសចរណ៍ធម្មជាតិក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ។ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៥ កន្លែង ដែលនៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានកំពុងខិតខំបន្ថែមទៀតលើកទឹកចិត្តឲ្យសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានជម្រើសថ្មីក្ឬៅពីពឹងពាក់លើព្រៃឈើ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ តាមរយៈការផ្តល់ការអប់រំកូនចៅរបស់ប្រជាពលរដ្ឋឲ្យសិក្សាបានខ្ពស់ ការផ្តល់ពូជសត្វចិញ្ចឹម ដូចជាជ្រូក គោ ក្របី ពពែ ចៀម ជាដើម និងបច្ចេកទេសលើការដាំដុះដំណាំបន្លែបង្កាផ្សេងៗនៅតាមសហគមន៍។
នៅថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា ទោះបីជាផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាមក៏ដោយ តែប្រជាពលរដ្ឋនឹងអាចស្វែងយល់ពីតម្លៃធម្មជាតិនៅក្នុងប្រទេសកម្ពុជាតាមរយៈការទៅកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ ក៏ដូចជានៅតាមតំបន់ការពារធម្មជាតិនាននៅកម្ពុជា ដែលកំពុងបានការពារនឹងអភិរក្សបានយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ: ខ្វៃ អាទិត្យា

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩