ភ្នំពេញ​៖ ដើម្បី​រួម​កិច្ចការពារ និង អភិរក្ស​ធនធានធម្មជាតិ សហគមន៍​តំបន់ការពារធម្មជាតិ​៩​ទៀត​កំពុងតែ​រៀបចំ​និតិ​វិធី​បង្កើត​និង​ស្នើសុំ​ការទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​សម្រាប់​ចូលរួមចំណែក​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​កម្ពុជា​។​នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​
​គួរបញ្ជាក់​ថាបើ​បូករួម​សហគមន៍​៩​ថ្មី​បន្ថែមទៀត​នា​ថ្ងៃ​ខាងមុខ​នេះដែរ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា​បាន​កើន​ដល់​ចំនួន ១៨៣ ហើយ​។​
​ថ្លែងប្រាប់​រស្មីកម្ពុជា​នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១​នេះ លោក នេត្រ ភក្ត្រា​បានបញ្ជាក់​ប្រាប់​ឱ្យដឹងថា ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ​គឺ​ប្រយោជន៍ ដើម្បី​បង្កើតជា​ដៃគូ​សន្ទនា​រវាង​ប្រជា​សហគមន៍ និង​រាជរដ្ឋាភិបាល ផ្តល់​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង ផ្លាស់ប្តូរ​យោបល់​គ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា ចូលរួម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អរូបី​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើត​អេកូ​ទេសចរណ៍ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។​
មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​រូបនេះ​បាន​មានប្រសាសន៍ថា​៖ «​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​នឹងត្រូវ​បង្កើត​ថ្មី​ចំនួន​០៩ ដែល​ធ្វើឱ្យ​ចំនួន​សហគមន៍ ដែល​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន កើនឡើង​ដល់​១៨៣ សហគមន៍​តំបន់ការពារធម្មជាតិ ហើយ ៩​សហគមន៍​នេះ កំពុងតែ​រៀបចំ​ដំណើរការ​នីតិវិធី ដើម្បី​ស្នើសុំ​បង្កើត និង​ទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​»​។​
​ជុំវិញ​សហគមន៍​ថ្មី​ដែល​គ្រោង​បង្កើត​នា​ថ្ងៃ​ខាងមុខនេះ លោក នេត្រ​ភក្ត្រា​បានបញ្ជាក់​ប្រាប់ថា​សហគម​ន៍​ទាំងនេះ រួមមាន​៖ សហគមន៍ ភ្នំ​ទ័ព​ជាង ធ្វើ​សកម្មភាព​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ត្បូង​, សហគមន៍ ទឹកធ្លាក់​ស្រែអំបិល ធ្វើ​សកម្មភាព​នៅ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​, សហគមន៍ ដា​តា​វី​ក ធ្វើ​សកម្មភាព​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​, សហគមន៍ តាំងយូរ ធ្វើ​សកម្មភាព​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​, សហគមន៍ ចាក់អង្រែ ធ្វើ​សកម្មភាព​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​, សហគមន៍ ព្រៃ​ទ័ព ធ្វើ​សកម្មភាព​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​, សហគមន៍ តា​ទៃ​លើ ធ្វើ​សកម្មភាព​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​, សហគមន៍ ឬ​ស្សី​ជ្រុំ ធ្វើ​សកម្មភាព​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ត្បូង និង​សហគមន៍​អូរ​ពុងរូង ធ្វើ​សកម្មភាព​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​
​ ​សម្រាប់​គោលបំណង​សំខាន់​ក្នុងការ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​នេះដែរ​ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ប្រាប់ថា​មាន ៣​ចំណុច​សំខាន់ៗ​ដូចជា​៖​ទី​១) ផ្តល់ឱកាស​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន ចូលរួមចំណែក​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ ទី​២) ផ្តល់​លទ្ធភាព​ងាយស្រួល ដល់​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​នានា ដើម្បី​សម្របសម្រួល​ដល់​ការងារ​អន្តរាគមន៍ និង​អភិវឌ្ឍ​ជីវភាព និង​សេដ្ឋកិច្ច​មូលដ្ឋាន​សិទ្ឋិ និង​ក្របខណ្ឌ​ច្បាប់​ដល់​សហគម​ន៏​មូលដ្ឋាន​។​ទី​៣) ចូលរួម​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​ស​សហ​មជ្ឈការ​របស់​រា​ជ​រដ្ឋាភិបាល​។​
លោក​បាន​មានប្រសាសន៍​ដែរ​ថា បច្ចុប្បន្ននេះ សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​និង​សត្វព្រៃ រួម​នឹង​ជីវៈចម្រុះ​ជាច្រើន​ទៀត នៅក្នុង​តំបន់​ព្រៃ​សហគមន៍​និង​តំបន់ការពារធម្មជាតិ បាន​ដើរតួនាទី​សំខាន់​សហការ​ជាមួយ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ព្រៃឈើ និង​ចូលរួម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌​។​
​ លោក​ថា ការគាំទ្រ​ថវិកា​ដោយ​គម្រោង និង​អង្គការ​ដៃគូ សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏បាន​ចូលរួមចំណែក​បង្ក្រាប​ប​ទ​ល្មើស ធនធានធម្មជាតិ ក្នុង​នោះបាន​ចូលរួម​ដោះ​អន្ទាក់ ដែល​នៅ​ឆ្នាំ​២០២០​កន្លងទៅ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ដោះ​អន្ទាក់​បាន​ជិត ៥០,០០០​អន្ទាក់ បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ធនធានធម្មជាតិ​បាន​ជិត ៨,០០០​ករណី រឹបអូស​រណា​យន្ត​ជាង ៤,០០០​គ្រឿង និង​កាំភ្លើង​កែច្នៃ​ជិត ១,០០០​ដើម​។​ល​។​
​មន្ត្រី​នាំពាក្យ​រូបនេះ​បាន​លើកឡើងថា សហគមន៍​តំបន់ការពារធម្មជាតិ បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន ពីលើ​ការចូលរួម​ថែរក្សា​ធនធានធម្មជាតិ ដោយ​ពួកគាត់​ក៏​អាច​ប្រមូល​អនុផល​ព្រៃឈើ​ប្រចាំឆ្នាំ​ដូចជា​៖ ទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែ​ជាដើម​ដែល​អាច​ផ្តល់​ចំណូល​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​បំណង​ប្រែក្លាយ​តំបន់​អភិរក្ស​ខ្លះ ដែលមាន​សក្តានុពល​ទេសចរណ៍ ឱ្យទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ឆ្លើយតប​កំណើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដើរ​កម្សាន្ត​។​
​ជាមួយគ្នា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ​បាន​សង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន​សូម​អរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត​ចូលរួម​ក្នុង ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ឱ្យបាន​គង់វង្ស​សម្រាប់ មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩