កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។
ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ការលក់ឥណទានកាបូនចំនួន ២ គម្រោងបានធ្វើឡើងនៅ ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។
ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។
អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩