ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ពិតជាមានការសោកស្តាយចំពោះការបាត់បង់សត្វទន្សោងមួយក្បាល និងសត្វត្រយ៉ងយក្សពីរក្បាល ដែលត្រូវបានក្រុមជនខិលខូចសម្លាប់នៅក្នុងសប្តាហ៍នេះ។ នេះគឺជាហេតុការណ៍ដ៏អាក្រក់ពីរដែលបានកើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
សាកសពសត្វទន្សោងនោះ ត្រូវបានសហគមន៍ប្រទះឃើញក្នុងកំឡុងពេលពួកគាត់ដើរល្បាតព្រៃកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយជនខិលខូចបានពន្លះយកសាច់អស់បន្សល់ទុកតែគ្រោឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោលដើម្បីបំបាត់ភស្តុតាង។ ចំណែកឯ សាកសពសត្វត្រយ៉ងយក្សទាំងពីរក្បាល ត្រូវបានសហគមន៍ប្រទះឃើញស្លាប់នៅលើដើមឈើដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយងយក្សទាំងពីរក្បាលនោះទំនងជាជាប់អន្ទាក់ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀតមិនរួច។
សត្វត្រយ៉ងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទសត្វត្រូវការពារនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។
សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ ៤០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១.៥០០ក្បាល។
ក្រសួងបរិស្ថាន និងអង្គការ WCS សូមអំពាវនាវដល់សាធារណជនទូទៅ មេត្តាចូលរួមការពារនិងអភិរក្សប្រភេទសត្វព្រៃកម្រទាំងនេះឱ្យបានឋិតថេរគង់វង្សដើម្បីមនុស្សជំនាន់ក្រោយ។ ជាពិសេស សូមដល់ជនខិលខូចទាំងឡាយបញ្ឈប់សកម្មភាពបរបាញ់និងដាក់អន្ទាក់សត្វព្រៃនេះជាបន្ទាន់ ព្រោះវាជាអំពើល្មើសច្បាប់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងស្នើសុំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ សូមជួយបន្តអប់រំ ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃជាពិសេសប្រភេាតសត្វកម្រឱ្យបានគង់វង្ស៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩