«សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តនិងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាមន្ត្រីរាជការ ព្រះសង្ឃ ប្រជាសហគមន៍ អាជ្ញាធរដែនដី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល ប្រទេសកម្ពុជាយើងមាន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំពោះមុខអ្នកចូលរួមកម្មវិធីបំបួសដើមឈើប្រមាណ ៣០០ នាក់ក្នុងក្របខណ្ឌនៃកម្មវិធីបោះជំរុំនៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះ។ កម្មវិធីបោះជំរុំក្រោមប្រធានបទ «យល៊ើងស្រឡាញ់ព្រៃឡង់»ឆ្នាំ២០២១ នេះគឺជាលើកទី៣ ហើយដែលក្រសួងបរិស្ថានបានរៀបចំ ឡើងដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធនានា។ លើកទី១ ប្រារព្ធធ្វើនៅខេត្តព្រះវិហារ និងលើកទី២ នៅខេត្តមំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាកម្មវិធីបោះជំរុំតង់ ១៤ កុម្ភៈដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងទី១៖ បង្ហាញក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់អភិរក្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះរួមនឹងការផ្សព្វផ្សាយពីសារផ្សេងទាក់ទងនឹងធនធានធម្មជាតិ ក្រសួងបរិស្ថានជឿជាក់ថា នឹងចូលរួមបណ្តុះស្មារតីពលរដ្ឋខ្មែរឱ្យកាន់តែស្រឡាញ់ធនធានធម្មជាតិ និងចូលរួមកាន់តែសកម្មថែមទៀតដើម្បីអភិរក្សព្រៃឈើសត្វព្រៃ។ ឯកឧត្តមថ្លែងថា ពក៊លរដ្ឋគ្រប់ៗរូបអាចចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលពេលខ្លះ គ្រាន់តែបងប្អូនសន្សំសំចៃទឹក សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសី ការមិនបរិភោគសាច់សត្វព្រៃ ការចូលរួមដាំដើម ទាំងនេះសុទ្ធតែជាការគោរពនិងស្រឡាញ់ធនធានធម្មជាតិទាំងអស់។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ពិធីបំបួសដើមឈើធ្វើឡើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក៏ពិតមែន តែវាពិតជាមានអត្ថន័យដ៏ជ្រៀលជ្រៅសម្រាប់ ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ហើយកម្ពុជាមិនមែនមានតែដែនជម្រកសត្វព្រៃឡង់តែមួយដែលត្រូវការពារនិងអភិរក្សឡើយ គឺកម្ពុជាមាន ផ្ទៃដីដែលត្រូវបានដាក់ជាតំបន់អភិរក្សទំហំ ៧,៣លាន ហិកតាដែលបានចែកជា ៧០ តំបន់ក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារទេសភាព និងរបៀងអភិរក្សជីវៈចម្រុះជាដើម។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀត ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងបានតាំងចិត្តខ្ពស់ក្នុងការពារតំបន់ការពារធម្មជាតិទាំងនេះ រហូតទទួលបាននូវការកោតសរសើរជាអន្តរជាតិលើការរៀបចំតំបន់អភិរក្ស និងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា កត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្រោមការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនតាំងពីឆ្នាំ១៩៩៨មក យើងទាំងអស់គ្នាមានឱកាសគ្រប់គ្រាន់ក្នុងការគិតគូររៀបចំផែនការ យន្តការដើម្បីអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន រហូតកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិកោតសរសើរក្នុងការរៀបចំតំបន់អភិរក្សហើយមានទំហំរហូតដល់ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា និងកម្ពុជាក៏បានក្លាយជាប្រទេសមួយដែលគេតែងតែលាបពណ៌ថាជាប្រទេសដែលកាប់ឈើមកជាប្រទេសដែលមានលទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តថែមទៀត។ នេះបញ្ជាក់ថាកម្ពុជា បានខិតខំការពារអភិរក្សធនធានធម្មជាតិដែលនៅសល់ រក្សាឈើឈរ និងលក់តួនាទីឈើឈរតាមរយៈឥណទានកាបូន ហើយថវិកាដែលទទួលបានត្រូវបានប្រើប្រាស់ដើម្បីអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋាន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដឹកនាំរៀបចំកម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ មានការអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីគ្រប់មជ្ឈដ្ឋានរួមមានមន្ត្រីរាជការក្រសួងបរិស្ថាន និង មកពីក្រសួងស្ថាប៍នរដ្ឋផ្សេងទៀត អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញសហគមន៍តំបន់ ព្រះសង្ឃ យុវជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មាន។ កម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃនេះនៅទីស្នាក់ការគម្ពោតគយក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះនឹងមានធ្វើសកម្មភាពជាច្រើនក្នុងនោះមានការបង្ហាញពីវិធីសាស្ត្រនៃការចុះល្បាតព្រៃ ពិធីសាសនាបំបួសដើមឈើ ការជួបពិភាក្សាជាមួយនឹងសហគមន៍ដើម្បីស្វែងយល់ពីជីវភាពនិងការចូលរួមទទួលខុសត្រូវរបស់ពួកគាត់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ ចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយ អូថេក ដែលនៅទីនោះអ្នកជំនាញរបស់ក្រុមហ៊ុននឹងធ្វើបទបង្ហាញពី ការបណ្តុះកូនឈើតាមបែបវិទ្យាសាស្រ្តដើម្បីផ្គត់ផ្គត់តម្រូវការកូនឈើដាំរាប់លានដើមក្នុងមួយឆ្នាំ និង ទស្សនាចម្ការឈើដាំរាប់ពាន់ហិកតាដែលបានដាំរួច និងកំពុងលូតលាស់ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកឧស្សាហកម្មចម្ការឈើដាំដល់អ្នកចូលរួមបានយល់ដឹង។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់៕
 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩