នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។​

គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។
ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។
ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។
បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មាន ប្លាស្ទិក ១៣ លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិក​ប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន ១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ។
បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាល ដែលរងគ្រោះថ្នាក់ ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ បក្សី និងត្រីជាង ៩០% មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមីពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្សយើង។
បច្ចុប្បន្ននេះ មានប្រទេស និងទីក្រុងជាង ១០០ ក្នុងនោះមានព្រះរាជាណាចក្រកម្ពុជាផងដែរ កំពុងដាក់ឱ្យអនុវត្តវិធានការថ្មីៗជុំវិញសំណល់ប្លាស្ទិក។ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs ដើម្បីផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកនៅក្នុងប្រទេស ដូចជា ការចេញនូវអនុក្រឹត្យ ដើម្បីគិតថ្លៃសេវាបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសារប្លាស្ទិក គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។
លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែ គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង»។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា «ការកាត់បន្ថយសំណល់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់គ្នា»។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា «តាមរយៈគម្រោងនេះ យើងអាចបង្ហាញឱ្យឃើញពីឧត្តមានុវត្តន៍នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិកដែលអាចជួយឱ្យបណ្ដាប្រទេសនានានៅអាស៊ានយកគំរូតាមព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩