ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ ។

ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកានេះរៀបចំឡើងដោយកំណត់យកប្រធានបទសំខាន់ចំនួន៣ មកធ្វើការពិភាក្សា ដែលប្រធានបទទី ១) អំពីទិសដៅនិងវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ប្រធានបទទី ២) អំពីការវាយតម្លៃប្រសិទ្ធភាពការអនុវត្តច្បាប់គាំពារបរិស្ថាន និងប្រធានបទទី ៣) អំពីការជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការ កំណត់នូវគោលនយោបាយ ផែនការសកម្មភាព និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុល បរិស្ថាននានា ប្រកបដោយភាពច្បាស់លាស់ ដោយមានការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគី ឬ ដៃគូ ពាក់ព័ន្ធទាំងអស់ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើតដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទៅក្នុងទឹក ឬ ដី។

ឯកឧត្តម សៅ សុភាព បញ្ជាក់បន្ថែមថា ឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការតម្រូវឱ្យបង់ថ្លៃថង់ប្លាស្ទិកនៅតាមទីផ្សារទំនើប និងការបញ្ឈប់ការផលិត ការនាំចូលថង់ប្លាស្ទិកទំហំតូច និងមានកម្រាស់ស្តើងមិនអាចប្រើប្រាស់ឡើងវិញបាន។ ប៉ុន្តែ និន្នាការនៃការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកប្រើតែមួយលើក គឺនៅតែមានកំណើនខ្ពស់ ពិសេសសមាសភាគនៃសំរាម សំណល់រឹងទីប្រជុំជន គឺមានសំណល់ជាប្លាស្ទិករហូតដល់ជិត ៣០ ភាគរយ។

ឯកឧត្តមបាន បានលើកឡើងដែរថា តាមរយៈប្រធានបទសិក្ខាសាលានាពេលនេះ យើងនឹងធ្វើការពិភាក្សារួមគ្នា ដើម្បីកំណត់ឱ្យបានកាន់តែច្បាស់ពីបញ្ហាសំណល់ប្លាស្ទិក ពិសេស ការកំណត់នូវជម្រើសវិធានការចាំបាច់ និងសមស្របសម្រាប់ការឈានទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬ សម្ភារៈប្លាស្ទិកដែលប្រើបានតែ១ដង និងសម្រាប់បង្កើនប្រសិទ្ធភាពការ គ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈការរកដំណោះស្រាយលើកកម្ពស់សកម្មភាពកែច្នៃ ឬ ការទាញយកធនធាន ពីសំណល់ប្លាស្ទិក ដើម្បីធានាថាការបោះចោលសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន ត្រូវតែបានកាត់បន្ថយ នាពេលអនាគត ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩