ចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារប្រចាំទីស្នាក់ការរងអូរឡាប៉ង​ បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិមណ្ឌលយ៉ន ចុះល្បាតទៅចំណុចអូរតាបូក​ អូរឡាពឺង​ អូរក្រលីសពុង​ និងអូរតាយ៉ាក។ ជាលទ្ធផល នៅចំណុចអូរក្រលីសពុង ក្រុមការងារបានដោះអន្ទាក់សត្វ បានចំនួន១០២ខ្សែ ដែលជនសង្ស័យបានដាក់ពង្រាយក្នុងព្រៃតាមជ្រលងភ្នំ។ នៅចំណុចអូរតាយ៉ាក ក្រុមការងារបានជួបប្រទះឃើញជនសង្ស័យប្រហែល០៣នាក់ និងបានរត់គេចខ្លួន ហើយបានបោះស្បោងអន្ទាក់នៅក្បែរផ្លូវ។ ក្រុមការងារបានរើរឆែកឆេររកឃើញមានអន្ទាក់សត្វចំនួន៣០០ខ្សែ ស្នាចំនួន០១ និងបានយកមករក្សាទុកនៅទីស្នាក់ការស្នាក់ការតាវែងផងដែរ។

ដោយឡែក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានចុះល្បាតបន្តទៅចំណុចអូរកា ដោយប្រទះឃើញខ្ទមចាស់ចំនួន២ ដែលជនល្មើសសាងសង់បណ្តោះអាសន្ន សម្រាប់ស្នាក់នៅដាក់អន្ទាក់សត្វ។ ក្រុមការងារបានរុះរើ និងដុតបំផ្លាញចោល៕