ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមបើកការ ជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន។

ការធ្វើជំរឿនរបាយសត្វត្មាតនេះសហការរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងក្រសួងបរិស្ថានត្រូវបានធ្វើនៅក្នុងតំបន់ចំនួន ៥ កន្លែងដែលមានវត្តមានសត្វត្មាតរស់នៅ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការជំរឿនសត្វត្មាតបានធ្វើឡើង នៅចំនួន ៥ ទីតាំងផ្សេងគ្នារួមមាន នៅសៀមប៉ាង ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រងក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។

តាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់នៅនៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានថ្លែងថាសត្វត្មាតចំនួន ៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ៩ ក្បាល ត្មាតភ្លើងចំនួន ៣ ក្បាលនិងត្មាតត្មោតចំនួន ២២ក្បាល។ ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជម្រើននៅតំបន់ផ្សេងទៀតនៅឡើយទេ។ ការជំរឿនកាលខែធ្នូឆ្នាំ ២០១៩ កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន ៤៤ ក្បាល។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការធ្វើជំរឿនរាប់ចំនួនសត្វត្មាតពេលនេះគឺមានសារៈសំខាន់ណាស់ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។ បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា លទ្ធផលជម្រឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាលហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។

ដោយសារតែសត្វត្មាតជាសត្វកម្រជិតផុតពូជអស់ពីលើពិភពលោក ហើយកម្ពុជាមានត្រូវបានគេដឹងថានៅមានសល់សត្វត្មាតច្រើនជាងគេនោះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិនានាតាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូន បង្កើនការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត។ ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩