បណ្ណសរសើរមេត្រីភាពបរិស្ថានដែលជាការទទួលស្គាល់ថារូបវន្តបុគ្គលនងនីតិបុគ្គលបានប្រតិបត្តិមេត្រីភាព បរិស្ថានល្អប្រសើរ ចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពត្រូវបានក្រសួងបរិស្ថានប្រគល់ជូនដល់ធនាគារ ជីប ម៉ុង ខេមមើសសល ប៊ែង កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២០ នៅទីស្នាក់ការធនាគារតាមបណ្តោយផ្លូវនរោត្តម ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ធនាគារ មន្រ្តីបុគ្គលិកជាច្រើននាក់ផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការសម្រេចផ្តល់បណ្ណ សរសើរមេត្រីភាពបរិស្ថាននេះត្រូវបានប្រគល់ជូនធនាគារ ជីប ម៉ុង ខេមមើសសល ប៊ែង ក្រោយពីក្រុម ការងារវាយតម្លៃគុណវុឌ្ឍិមេត្រីភាពបរិស្ថាន នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃក្រសួងបរិស្ថានបានចុះធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ ក្រសួងបរិស្ថានយល់ឃើញថាប្រតិបត្តិករ ខាងលើ បានប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ និងឆ្លើយតបទៅនឹងសូចនាករ មេត្រីភាពបរិស្ថានដូចដែលបានកំណត់ក្នុងតារាងវាយតម្លៃគុណវុឌ្ឍិ។ ជាងនេះទៀត ធននាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក បានអនុវត្តសកម្មភាពមួយចំនួនលើសពីការកំណត់របស់ក្រសួងបរិស្ថាន ដែលសកម្មភាពទាំងនេះ បានចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងសុខុមាលភាពបុគ្គលិក និងអ្នកទទួលសេវាផងដែរ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធនាគារ ជីប ម៉ុង ដែលបានចូលរួមក្នុងកិច្ចគាំពារ និងការអនុវត្តមេត្រីភាពបរិស្ថានបានល្អ ផ្សាភ្ជាប់ជាមួយការវិនិយោគរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការប្រតិបត្តិការងាររបស់ខ្លួន លើកកម្ពស់ការគោរពនិងប្រតិបត្តិមេត្រីភាពបរិស្ថាន ចូលរួមការពារបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់កត្តាដែលធនាគារជីប ម៉ុង ទទួលបាននូវប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាននាពេលនេះគឺដោយសារធនាគារ អនុវត្តនូវគោលការដូចជា ទី១-បានបញ្ជ្រាបនូវគោលការណ៍ហិរញ្ញវត្ថុដោយចីរភាព តាមរយៈការលើកទឹកចិត្តឱ្យអតិថិជនមានការវិនិយោគលើផលិតផល ឬសេវាកម្មបៃតង និងប្រើប្រាស់បច្ចេកទេសទ្រទ្រង់បរិស្ថាន រួមទាំងគិតគូរទៅលើឥរិយាបទអាជីវកម្មរបស់ខ្លួនលើការប្រែប្រួលអាកាសធាតុ ។ ទី២-ការប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ពិសេសកាត់បន្ថយការប្រើប្រាស់ក្រដាសនៅក្នុងការិយាល័យ ដោយរាល់ទិន្នន័យរបស់អតិថិជន និងឯកសារផ្សេងៗត្រូវបានចែករំលែកនិងរក្សាទុក ក្នុងប្រព័ន្ធបច្ចេកវិទ្យាជំនួសឱ្យការព្រីនចេញ និងរក្សាទុកជាក្រដាសក្នុងទូឯកសារឡើយ។ ទី៣-មានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពបុគ្គលិក ដោយមានបន្ទប់សម្រាកសម្រាប់អ្នកមានបញ្ហាសុខភាព កន្លែងសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីត្រូវការមើលថែនិងបំបៅដោះកូន មានបន្ទប់សម្រាកបុគ្គលិកប្រតិបត្តិលើជំនឿសាសនា សម្រាកពិសារអាហារនិងសម្ភារៈផ្ទះសម្រាប់ប្រើប្រាស់ ពិសេសបានចូលកាត់បន្ថយសំណល់ប្លាស្ទិកដោយធនាគារមិនប្រើប្លាស្ទិកដែលប្រើម្តងហើយបោះចោល។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការទទួល បានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះពិតជាធ្វើឲ្យលោកនិងសហការី ធនាគារ ជីប ម៉ុង ទាំងអស់មានសេចក្តីរំភើប និងសប្បាយរីករាយ ដែលធនាគារ នេះទទួលបានការកោតសរសើរពីក្រសួងបរិស្ថាន ហើយសមិទ្ធផលមួយនេះបានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីទាំងអស់គ្នា។ លោកឧកញ៉ា បានបន្តទៀតថា ធនាគារ ជីប ម៉ុង បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបែបឌីជីថល តាមឧស្សាហកម្ម ៤.០ ដែលធ្វើការតាមប្រព័ន្ធអេឡិចត្រូនិច សន្សំសំចៃការប្រើប្រាស់ក្រដាស ដែលចូលរួមការពារបរិស្ថាន កាត់បន្ថយការកាប់ព្រៃឈើ និងកាត់បន្ថយការរំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ជាមួយនឹងការរៀបចំការិយាល័យប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់សម្រាប់បុគ្គលិក ព្រមទាំងការចូលរួមអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ។ បើតាមលោកឧកញ៉ា លាង ម៉េង ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានចូលខ្លួន ក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា ដោយជ្រើសយកប្រព័ន្ធឌឺជីថលជាយុទ្ធសាស្រ្តដំបូងបង្អស់របស់ខ្លួន ក្នុងគោលបំណងចូលរួមចំណែកធ្វើទំនើបកម្មវិស័យធនាគារ និងសេវាសាធារណៈ ខណៈពេលដែលកម្ពុជាកំពុងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងស្របពេលដែល មានការ រីក ចម្រើន នៃ បដិវឌ្ឍ ឧស្សាហកម្ម ទី ៤.០។
លើសពីនេះទៅទៀត ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ក៏បានចូលរួមចំណែកការពារបរិស្ថានតាមរយៈការប្រតិបត្តិការសេវាកម្មបែបឌីជីថល ខណៈពេលដែលកម្ពុជាកំពុងអនុវត្តមេត្រីភាពបរិស្ថាន ដើម្បីការរស់នៅប្រកបដោយចីរភាព។ ក្នុងន័យនេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបង្កើតប្រព័ន្ធឌីជីថលដើម្បីសម្រួលដល់សេវាកម្មធនាគារជូនអតិថិជន និងការបន្ថយការប្រើប្រាស់ក្រដាសសម្រាប់សេវាកម្មមួយចំនួន ដូចជាការបំពេញបែបបទដើម្បីបង្កើតគណនី និងការស្នើសុំប្រើប្រាស់ សេវាកម្មនានាតាមប្រព័ន្ធឌីជីថលជាដើម»។

ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង បានថ្លែងថា ប្រតិបត្តិការមេត្រីភាពបរិស្ថានរបស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ក៏បានចូលរួមចំណែកអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់សមាគមធនាគារនៃកម្ពុជា ដែលជម្រុញការ ថែរក្សាបរិស្ថាន និងការលើកម្ពស់ ទំនួលខុស ត្រូវសង្គមផងដែរ។ លោកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖«យើងតែងតែគិតគូរខ្ពស់ពីបរិស្ថាន មិនថាលើប្រតិបត្តិការសេវាកម្មធនាគារជូនអតិថិជន ឬប្រតិបត្តិការក្នុងធនាគារនោះទេ។ ការិយាល័យរបស់បុគ្គលិកក្នុងធនាគារ ជីប ម៉ុង ខមមើសលប៊ែង ត្រូវបានរៀបចំឡើងប្រកបដោយផាសុកភាព មានអនាម័យខ្ពស់សម្រាប់បុគ្គលិក ដូចជាការរក្សាអនាម័យក្នុងការិយាល័យ ការគ្រប់គ្រងកាកសំណល់ និងការដាំរុក្ខជាតិនានាក្នុងការិយាល័យដើម្បីបរិស្ថានបៃតង។ ខ្ញុំជឿជាក់ថាការចូលរួមចំណែករបស់វិស័យឯកជន រូមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារបរិស្ថាន យើងនឹងធានាបានគុណភាព និងនិរន្តរភាព បរិស្ថាននៅកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ខ្ញុំបាទសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងនាយកដ្ឋានដែលពាក់ព័ន្ធ ដែលបានបង្កើតឱ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់បណ្ណ សរសើរមេត្រីភាព បរិស្ថាន និងវិញ្ញាបនបត្រទទួលស្គាល់ ជូនដល់ស្ថាប័នក្នុងគោលបំណងលើកទឹកចិត្តចំពោះការចូលរួមចំណែកថែរក្សា ការពារបរិស្ថាន និងប្រតិបត្តិល្អចំពោះបរិស្ថាន»។

ក្នុងក្របខណ្ឌនៃការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាននេះផងដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីការចូលរួមយ៉ាងសកម្ម និងធំធេងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងកិច្ចគាំពារបរិស្ថាន និងការរស់នៅដោយចីរភាពតាមរយៈការអនុវត្តមេត្រីភាពបរិស្ថាន ការដាក់ពង្រាយធុងសំរាមនៅតាមទីសាធារណៈ ការផ្តល់ម៉ូតូដឹកសំរាមដល់ក្រសួងបរិស្ថានសម្រាប់ចែកជូនដល់អាជ្ញាធរថ្នាក់ក្រោមជាតិនានាប្រើប្រាស់ប្រមូលសំរាម ការបោសសម្អាតផ្លូវសាធារណៈដោយប្រើរថយន្តបូមធូលីតាមដងផ្លូវ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដុតសំណល់សំរាមដើម្បីបង្កើតជាចរន្តអគ្គិសនីប្រើប្រាស់នៅរោងចក្រផលិតស៊ីម៉ង់ដែលក្នុងមួយឆ្នាំដុតសំរាមបានជាង ៧ ម៉ឺនតោន។ ដោយមើលឃើញពីសារៈសំខាន់ក្នុងនាមជាដៃគូរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ដាន បាលើកទឹកចិត្តក្រុមហ៊ុនឯកជនទាំងអស់ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណារួមសហការគ្នា ចូលរួមចំណែកក្នុងការគាំពារបរិស្ថានជាមួយសកលលោក គិតគូរបញ្ហអនាម័យបរិស្ថានជាចំបង ពិសេសដើម្បីឱ្យកម្ពុជាស្អាត គុណភាពបរិស្ថានត្រូវបានធានា និរន្តរភាពបរិស្ថាន មានអនាម័យបរិស្ថានល្អ គ្មានការបំពុលដោយសំណល់ប្លាស្ទិក៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩