ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំ​កិច្ច​ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ សម្រាប់អនុគម្រោង ការគ្រប់គ្រងទឹកកខ្វក់ក្រុងបាត់ដំបង ដែលមានទីតាំងស្ថិតនៅសង្កាត់​រតនៈ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន(ម្ចាស់គម្រោង) ព្រមទាំងសិក្សា និង​រៀបចំ​របាយការណ៍​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា SBK Research and Development Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាននៃក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយ​ចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា រដ្ឋបាល​ខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្តបាត់ដំបង នាយកដ្ឋានវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន​​ និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន​ ៣២នាក់។

ជារួម​ កិច្ចប្រជុំនេះ​ បានទទួលលទ្ធផល​ដូចខាងក្រោម​៖
១-​ អង្គប្រជុំ​ សូមគាំទ្រគម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញ​បឹងទន្លេសាប ជំហានទី២ សម្រាប់អនុគម្រោង ការគ្រប់គ្រងទឹកកខ្វក់ក្រុងបាត់ដំបង
២-​ ម្ចាស់គម្រោង​ ត្រូវសិក្សាបន្ថែម​ស្រប​ទៅតាមការ​ផ្តល់​យោបល់​របស់​អង្គប្រជុំ និង​នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់​បរិស្ថាន ទៅក្នុង​របាយការណ៍ (IESIA) សម្រាប់គម្រោងនេះ
៣-​ ម្ចាស់គម្រោង​ ត្រូវ​គ្រប់​គ្រង​សំរាម អាចម៍ដី និង​សំណល់ភក់ ព្រម​ទាំង​ធ្វើការ​ត្រួតពិនិត្យលើសំណល់ភក់​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ករណី​បើ​ពិនិត្យ​ឃើញថា គ្មានសារធាតុគីមី នោះ​យើង​អាចប្រើ​ជាជីសម្រាប់ដាំដំណាំកសិកម្ម ឬដំណាំស្រូវ ចៀសវាង​ដាក់​បន្ទុក​បន្ថែម​ទៅលើទីលានចាក់សំរាម
៤-​ ម្ចាស់គម្រោង​ ត្រូវ​សិក្សាប្រវត្តិទឹកជំនន់នៅត្រង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ព្រមទាំងរចនាអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចៀសវាងមានការជន់លិចនៅរដូវវស្សា
៥-​ ម្ចាស់គម្រោង​ ត្រូវត្រួតពិនិត្យបញ្ហាក្លិន​ដែលភាយចេញពីអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងរៀបចំវិធានការកាត់បន្ថយក្លិនឱ្យបានត្រឹមត្រូវ ចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងគម្រោង ព្រម​ទាំងដាំឈើ​ព័ទ្ធជុំវិញ​ទីតាំង​គម្រោង ដើម្បី​ជួយកាត់បន្ថយបញ្ហាក្លិន
៦-​ ម្ចាស់គម្រោង​ ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកកខ្វក់ជាប្រចាំឱ្យមានសុវត្ថិភាព មុននឹងបង្ហូរចេញពីអាងប្រព្រឹត្តកម្មរួមទៅកាន់ប្រឡាយ និងប្រភពទឹកសាធារណៈ ចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់ជីវៈចម្រុះ​ក្នុងទឹក គុណភាពទឹកអូរ និងស្ទឹង​សង្កែ
៧-​ ម្ចាស់គម្រោង​ ត្រូវសហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី​បញ្ចៀស​ពីផល​ប៉ះពាល់ ឬ​ដោះស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋពី​សកម្មភាព​គម្រោង
៨-​ ម្ចាស់គម្រោង​ ត្រូវ​ស្រោច​ទឹក​ជាប្រចាំ និងគោរព​ទៅតាម​បទដ្ឋាន​របស់ក្រសួង​បរិស្ថាន ដែល​ពាក់​ព័ន្ធ​នឹង​ការហុយធូលី និង​សំឡេង
៩-​ ម្ចាស់គម្រោង​ ត្រូវសិក្សាពីការប៉ះពាល់ទៅលើប្រព័ន្ធទឹកស្អាត ខ្សែបញ្ជូនអគ្គិសនី និងប៉ះពាល់ទៅលើមុខរបររកស៊ីរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ដោយសហការជាមួយ​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន
១០-​ ម្ចាស់គម្រោង​ ត្រូវអប់រំ​ដល់​កម្មករ​ឱ្យមាន​សីលធម៌ល្អ
១១-​ ម្ចាស់គម្រោង​ ត្រូវគិតគូរ​អំពី​សុខភាព និងសុវត្ថិភាពដល់បុគ្គលិក-កម្មករ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩