កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់
ថ្ងៃ អង្គារ, 4 កុម្ភៈ, 2020នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹក ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៨០ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន ScheiTech Sustainable Co.,Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា Creative Green Design Co., Ltd.។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្រុមហ៊ុន ScheiTech Sustainable Co.,Ltd. និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួន ៤០នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំ គាំទ្រគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ
២- ក្រុមហ៊ុន គួរតែសិក្សាពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៣- ក្រុមហ៊ុន ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅតំបន់នោះ
៤- ក្រុមហ៊ុន ត្រូវសិក្សាបន្ថែមពីការប្រែប្រួលអាកាសធាតុដែលអាចជះឥទ្ធិពលទៅលើគម្រោង
៥- ក្រុមហ៊ុន ត្រូវសិក្សាបន្ថែមពីឥទ្ធិពលនៃការបំលែងពីដីកសិកម្មទៅជាស្ថានីយផលិតថាមពលដើរដោយថាមពលព្រះអាទិត្យ
៥- ក្រុមហ៊ុន ត្រូវកាត់បន្ថយការហុយធូលី ដែលកើតឡើងដោយសារសកម្មភាពដឹកជញ្ជូន និងឈូសឆាយដី ជាពិសេស ធ្វើការស្រោចទឹកជាប្រចាំនៅតាមដងផ្លូវ
៦- ក្រុមហ៊ុន គួរសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលនៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព
៧- ក្រុមហ៊ុន ត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡាឱ្យបានច្បាស់លាស់
៨- ក្រុមហ៊ុន ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួលរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ។