រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ដល់សុក្រ ១០-១៤កើត ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងែទី០៣ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) សហការជាមួយអង្គការឧតុនិយមពិភពលោក (WMO) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់មូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុសម្រាប់សកម្មភាពផ្តល់មូលនិធិអាកាសធាតុបៃតង» នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានឧត្តមសិក្សា ប្រមាណ ៧៤នាក់ ក្នុងនោះស្រ្តីចំនួន ២០នាក់។

ឯកឧត្តម ជា ចន្ទន៍ធូ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាកាលានុវត្តភាពដ៏ធំមួយក្នុងការក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីជំនាញការជាតិ និងអន្តរជាតិ និងសូមឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាមេត្តាយកចិត្តទុកដាក់៖ ១. សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់នូវនីតិវិធីក្នុងការរៀបចំគម្រោងស្នើសុំទៅមូលនិធិអាកាសធាតុបៃតង ក៏ដូចជាមូលដ្ឋានវិទ្យាសាស្ត្រនៃការប្រែប្រួលអាកាសធាតុ ២. បន្តសហការចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាព និងបទពិសោធន៍របស់ស្ថាប័នរបស់ខ្លួនក៏ដូចជា ជំរុញការរៀបចំផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ៣. ចូលរួមការរៀបចំផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាក់ស្តែងសម្រាប់ការងារចំពោះមុខពេលនេះចូលរួមក្នុងរៀបចំរបាយការណ៍ NDC។

លោក អាមីរ ដឹលជូ (Amir Delju) តំណាងអង្គការ WMO បានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃសិក្ខាសាលាថ្នាក់ជាតិនេះ ដើម្បីស្វែងយល់សំណើគម្រោងបានរៀបចំឡើងដោយអង្គភាពទទួលស្គាល់ជាផ្លូវការ ដែលមានលក្ខណៈបែបវិទ្យាសាស្រ្តអាកាសធាតុទៅកាន់មូលនិធិអាកាសធាតុបៃតង។ គាត់បានបន្ថែមថា អំពីតួនាទីនៃវិទ្យាសាស្ត្រអាកាសធាតុនៅក្នុងសំណើមូលនិធិអាកាសធាតុបៃតង GCF និងតួនាទីរបស់ WMO នៅក្នុងការគាំទ្របណ្តាប្រទេស ព្រមទាំងយន្តការរៀបចំសំណើគម្រោង។ ទន្ទឹមនឹងនោះ មូលដ្ឋានវិទ្យាសាស្ត្រ ជាកត្តាចម្បងនៃការស្វែងយល់អំពីលទ្ធផលម៉ូដែលអាកាសធាតុ និងអ្នកប្រើប្រាស់ទិន្នន័យអាកាសធាតុ ដើម្បីបង្កើតធាតុចូលវិទ្យាសាស្ត្រអាកាសធាតុសម្រាប់វិស័យអាទិភាពតាមរយៈការចែករំលែកបទពិសោធន៍ដល់សិក្ខាកាមទាំងអស់ដោយអ្នកជំនាញការថ្នាក់ជាតិ និងជំនាញការអន្តរជាតិ។

លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា មានដំណាក់កាលជាច្រើននៃនិន្នាការអាកាសធាតុ ស្ថិតក្រោមគំនិតផ្តួចផ្តើមជាសកល ដែលនឹងធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានចំពោះមនុស្ស និងសេដ្ឋកិច្ច។ គាត់ក៏បានលើកឡើងថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវការអភិវឌ្ឍជាអាទិភាពទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ពីសំណាក់អ្នកជំនាញផ្នែកអាកាសធាតុ។

សូមបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់មូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុសម្រាប់សកម្មភាពផ្តល់មូលនិធិអាកាសធាតុបៃតង នៅកម្ពុជា» រៀបចំឡើងក្នុងគោលបំណងដើម្បី៖ (១)កំណត់ពីវិធីសាស្រ្ត ឧបករណ៍ សនិទានអាកាសធាតុ និងឧតុនិយមអាចដាក់បញ្ចូលទៅក្នុងបរិបទជាតិ កំណត់ស្ថាប័ន និងអ្នកពាក់ព័ន្ធដែលត្រូវចូលរួមដោយមានការគាំទ្រ (២)បង្កើតមូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុស្របតាមស្ថានភាពប្រទេស ឬគម្រោងដើម្បីគាំទ្រដល់ជម្រើសអាទិភាពផ្នែកផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយដោយកំណត់នូវវិធីសាស្ត្រទិន្នន័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងមធ្យោបាយនៃការបំពេញទិន្នន័យខ្វះចន្លោះ និង(៣)ពង្រីកការស្វែងយល់ និងចំណេះដឹងអំពីព័ត៌មានវិទ្យាសាស្ត្រអាកាសធាតុនៅក្នុងបរិបទថា្នក់ជាតិ និងថ្នាក់តំបន់៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩