យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន បានរៀបចំឡើងជាថ្មីនៅជុំវិញផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃច័ន្ទ ៤រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស យុវជន សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋជាច្រើនាក់។ លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដើម្បីលើកទឹកចិត្តឱ្យមហាជនចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមាសំដៅការពារសុខភាពមនុស្ស បរិស្ថាន និងសោភ័ណភាពទីក្រុង។ លោក ខ្វៃ អាទិត្យា បានបន្ថែមថា យុទ្ធនាការនេះ បានចាប់ផ្តើមនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅខែមេសាឆ្នាំ២០១៩ នៅក្រុងសៀមរៀប ខេត្តសៀមរាប នាខែមិថុនា ឆ្នាំ២០១៩ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាខែតុលា ឆ្នាំ២០១៩ និងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នេះ រៀបចំជាថ្មីម្តងទៀតនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។ នៅក្នុងទិសដៅ យុទ្ធនាការយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន និងបន្តសកម្មភាពរបស់ខ្លួនទៅតាមទីក្រុង តាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចូលរួមលើកកម្ពស់ការយល់ដឹងពីការសំអាតអនាម័យបរិស្ថាន ការគ្រប់គ្រងសំណល់តាមទីប្រជុំជន ដើម្បីមូលដ្ឋានស្អាត និងមានសោភណ្ឌភាព។ បន្ថែមពីនេះទៀត ឯកឧត្តមបានចាត់ទុកថាយុទ្ធនានាពេលនេះ ចូលរួមផ្សព្វផ្សាយចំណេះដឹង ដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ក៏ដូចជាខេត្តបាត់ដំបង មនុស្សគ្រប់ៗរូប ជាពិសេសបងប្អូនអាជីវករ ឱ្យមានការយកចិត្តទុកដាក់គិតគូរពីហានិភ័យបរិស្ថាននានា ជាពិសេសផលប៉ះពាល់នៃសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ បញ្ហាជីវៈចម្រុះ ការគ្រប់គ្រងសំណល់គ្រប់ប្រភេទ ។ល។ ដែលកើតមានមកលើភពផែនដី និងជួយជំរុញ ដល់សហគមន៍ជាតិយើងទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ គ្រប់ៗរូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ចសង្គមជាតិយើងទាំងមូល។

ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលបានសហការជាមួយមន្ទីរបរិស្ថាន រដ្ឋបាលខេត្ត និងសាលាក្រុងបាត់ដំបង ក្នុងការរៀបចំកម្មវិធីយុទ្ធនាកាត់បន្ថយថង់ប្លាស្ទិកនេះឡើង។ ឯកឧត្តមបានលើកឡើងថា ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ នាឱកាសនេះ ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជាតិយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថានភពផែនដីឱ្យឈានឆ្ពោះទៅរកនិរន្តរភាព និងភាពស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។ ឯកឧត្តមបានបញ្ជាក់ដែរថា សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖
-ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់
-ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន
-វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះនៅក្នុងទឹកជាពិសេសមច្ឆជាតិ
-ថង់ប្លាស្ទិកផ្ទុកសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដីមានការបំពុលទឹកនិងដី
-ថង់ប្លាស្ទិកមិនងាររលាយ និងអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ
ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយថែមទៀតកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមទីសាធារណៈ និងកន្លែងធ្វើការងារ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ស្ទិក នៅក្នុងក្រុងបាត់ដំបង នាឱកាសនេះ គណៈអធិតី រួមជាមួយអ្នកចូលរួម បានអញ្ជើញផ្សព្វផ្សាយការប្រើប្រាស់កន្រ្តកបរិស្ថាន ដែលជាសម្ភារៈមេត្រីភាពបរិស្ថាន ដោយផ្ទាល់ជាមួយអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋនៅជុំវិញ និងក្នុងផ្សារបឹងឈូកបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ដែរថា បរិមាណសំរាមនៅតាមទីប្រជុំជន មានចំនួន ១ម៉ឺនតោនក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណ ៤ លានតោន ក្នុងនោះ២០% គឺជាសំណល់ថង់ប្លាស្ទិក។ ខេត្ត រាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ ក្រុងសៀមរាប ៣៨០ តោនក្នុងមួយថ្ងៃ និងនិយាយដោយឡែកក្រុងបាត់ដំបងមានប្រមាណពី១៣០ ទៅ១៥០ តោនក្នុងមួយថ្ងៃ។ សំរាមដែលអ្នកក្រុងបាត់ដំបងបង្កើតក្នុងនោះ ៦៥% ជាសំណល់សរីរាង្គ និង៣៥% ជាសំណល់ប្លាស្ទិក។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩