កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ
ថ្ងៃ សុក្រ, 6 ធ្នូ, 2019កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ
______________
នៅព្រឹក ថ្ងៃសុក្រ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ លើផ្ទៃដីទំហំ ៧១,៧៩ហិកតា ស្ថិតនៅតំបន់រវៀង ក្នុងភូមិសាស្រ្តភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ចាង យី ម៉ាញនីង ខបភើរេសិន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ខូ អិលធីឌី នៅសាលប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ អង្គការ DPA នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ចំនួន ៣០នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំ បានគាំទ្រគម្រោងអាជីវកម្មថ្មអារនេះ
២- ម្ចាស់គម្រោង ត្រូវដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ឱ្យបានរួចរាល់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន
៣- ម្ចាស់គម្រោង ត្រូវគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ទៅតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ចៀសវាងការបំពុលគុណភាពទឹកអូរ
៤- ម្ចាស់គម្រោង ត្រូវយកចិត្តទុកដាក់លើសុខភាព-សុវត្ថិភាពបុគ្គលិក-កម្មករ លើការប្រើប្រាស់ គ្រឿងចក្រគ្រប់ប្រភេទ
៥- ម្ចាស់គម្រោង ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាកែសម្រួលរបាយការណ៍ ស្របតាមស្មារតីអង្គប្រជុំ៕