អាជ្ញាធរខេត្តស្ទឹងត្រែង បានបំផុសដល់សាធារណជន រួមគ្នាសម្អាត និងទុកដាក់កាកសំណល់រឹង សំរាមឲ្យបានត្រឹមត្រូវ

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង ឯកឧត្តម​ ដួង ពៅ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៤ធ្នូ២០១៩នេះ នៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។ ពិធីនេះបានរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត ដែលមានការចូលរួមពីមនុស្សប្រមាណជាង១០០នាក់។

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភិរុង បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណសំណល់រឹង សំរាម មានការកើនឡើងយ៉ាងគំហុកនៅទីប្រជុំជន នៅក្នុងក្រុងស្ទឹងត្រែង ហើយសំរាមបាននាំយកទៅចាក់ចោលក្នុងរណ្តៅចាក់សំរាម ស្ថិតក្នុងសង្កាត់សាមគ្គី ក្នុងមួយថ្ងៃស្មើនឹង ៣២តោន ក្នុងនោះថង់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋបោះចោលវាសពាលវាសកាល និងសំណល់ផ្សេងៗមានក្លិនស្អុយ ធ្វើឲ្យក្រុងគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ លោកថា ក្នុងនាមស្ថាប័នថ្នាក់ក្រោមជាតិ មានតួនាទីអប់រំផ្សព្វផ្សាយ ផ្តល់សេវាកម្មវិស័យបរិស្ថាន និងអនុវត្តច្បាប់ លិខិតបទដ្ឋាននានា ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធម្មជាតិ និងមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងមានកិច្ចសហការ រវាងមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ដែលធ្វើឲ្យយើងសម្រេចបានគួរជាទីមោទនៈ។

អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ដួង ពៅ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅពេលនេះ ជាមោទនភាពមួយសម្រាប់ខេត្តស្ទឹងត្រែង ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដល់សាធារណៈជន និងប្រជាជនក្នុងមូលដ្ឋាន នូវផលប៉ះពាល់ នៃសំណល់រឹង សំរាម និងប្លាស្ទិក ចំពោះបរិស្ថាន។

ឯកឧត្តម​បន្ថែម​ថា សំរាម និងប្លាស្ទិក គឺជាសំណល់ចុងក្រោយបង្អស់ពីសារធាតុគីមីផ្សេងៗ ហើយត្រូវបានប្រជាជនខ្មែរ ក៏ដូចជាមនុស្សនៅលើសកលលោកនិយមប្រើប្រាស់ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ ទាំងពុំបានដឹងថា សំរាម និងប្លាស្ទិកនេះ ជាសារធាតុពុលមិនងាយរលាយ ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស និងបរិស្ថាន។ ឯកឧត្តម​ ដួង ពៅ បានក្រើនរំលឹក និងបំផុសដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់កាកសំណល់រឹង សំរាមឲ្យបានត្រឹមត្រូវជាប្រចាំថ្ងៃ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ឯកឧត្តម​បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងទាំង៣ អាជីវករ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន និងសិស្សានុសិស្សទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ រួមគ្នាទទួលខុសត្រូវ និងសំអាតសំណល់រឹងសំរាម ឲ្យបានជាប្រចាំ ដើម្បីរក្សាបាននូវសោភ័ណ្ឌភាព មុខមាត់ខេត្ត ឲ្យស័ក្តិសមជាខេត្ត ដែលទទួលបានពានរង្វាន់រំដួល និងជាខេត្តដែលលេចធ្លោរលើវិស័យទេសចរណ៍ ធនធានធម្មជាតិ ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត តាមរយះចំណូលដែលបានមកពីភ្ញៀវទេសចរណ៍ ចូលមកទស្សនាខេត្តស្ទឹងត្រែង ភាគឥសាន្តមួយនេះ ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩