ក្រសួងបរិស្ថានកសាងដំរីពីនរណារយន្ត និមិត្តរូបនៃការ បង្ក្រាបបទល្មើសដើម្បីអភិរក្សជីវៈចម្រុះឱ្យបានគង់វង្ស

រូបសំណាកសត្វដំរីកសាងឡើងដោយប្រើប្រាស់រណារយន្តដែលជាវត្ថុតាងប្រមូលបានពីបទល្មើសធនធាន
ធម្មជាតិ បានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងយកទៅដាក់តាំងបង្ហាញជាសាធារណៈនៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរីនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩នេះ ដោយបានឱ្យដឹងថារូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្តមានទំហំដូចខាងក្រោម ៖ ទី១) កម្ពស់ ២,៨០ ម៉ែត្រ (គិតពីបាតជើងដល់ចុងប្រមោយខាងលើ) ទី២-បណ្ដោយប្រវែង ៣,១០ ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ) ទី៣)-ទទឹងចន្លោះពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិតពីទំហំតួខ្លួន) ហើយបានប្រើប្រាស់វត្ថុតាងរណារយន្តសរុប៣០០ គ្រឿងក្នុងនោះមានម៉ាស៊ីនរណារយន្ត និងផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូប្រព្រឹត្តបទល្មើស។

​ឯកឧត្តមបានថ្លែងថា៖ «រូបសំណាកសត្វដំរីសាងសង់ឡើងនៅក្នុងគោលបំណងបង្ហាញដល់សាធារណជនឲ្យបានឃើញពីវត្ថុតាងរណារយន្តដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ដកហូត និងប្រមូលយកមករក្សាទុកនៅតាមបណ្ដាស្នាក់ការដែនជម្រកសត្វព្រៃទាំង ៥ តំបន់ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ ជាងនេះទៅទៀត ក៏ចង់បង្ហាញប្រាប់ថា រណារយន្ត គឺជាមធ្យោបាយប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃរបស់រដ្ឋ និងក្នុងន័យបញ្ឈប់នូវការប្រើប្រាស់រណារយន្តដែលនាំឲ្យមានការបំផ្លិញបំផ្លាញធនធានធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក ១ ក្បាលដែលធ្វើពីវត្ថុតាងរណារយន្ត និងចង់ពញ្ញាក់ស្មារតីរ​បស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពការ
ពារ និងអភិរក្សហ្វូងសត្វដំរីរស់ក្នុងគោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី»។
​រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំដំឡើងរូបចម្លាក់សត្វដំរីធ្វើពីវត្ថុតាងរណារយន្តនេះឡើងជាមួយនឹងជាងនៅក្នុងខេត្តកំពង់ស្ពឺ ដោយប្រើរយៈពេលចំនួន ៧ ខែ និងដោយមានការចូលរួមគាំទ្រថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងសកម្មភាពនៃការរៀបចំ និងដំឡើងរូបចម្លាក់សត្វដំរីដែលធ្វើពីវត្ថុតាងរណារយន្តមួយនេះ។ រូបសំណាកសត្វដំរីនេះនឹងត្រូវដឹកបញ្ជូនទៅខេត្តមណ្ឌលគិរីក្នុងពេលវេលាសមស្រប។ លោ​កបញ្ជាក់ពីសវតានៃការសាងសង់រូបសំណាកសត្វដំរីនេះថា ដោយសារតែខេត្តមណ្ឌលគិរីមានការជាប់ទាក់ទងនឹងរឿងរ៉ាវសត្វដំរីក្នុងនោះរួមមានព្រឹត្តិការណ៍កើតឡើងនៅអំឡុងឆ្នាំ ២០០៧ ត្រង់ចំណុចត្រពាំងឈូក (បច្ចុប្បន្ន នៅក្នុង ភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក) កូនដំរីឈ្មោលមួយក្បាល បានដើរជាន់អន្ទាក់ព្រានព្រៃដាច់ជើងម្ខាង ហើយត្រូវបានក្រុមអភិរក្សព្រៃឈើនិងសត្វព្រៃប្រទះឃើញហើយដឹកយកទៅសង្គ្រោះ នៅឧទ្យានសួនសត្វភ្នំ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅគ្រានោះ «ឈូក» បានរួចផុតពីសេចក្តីស្លាប់។ បច្ចុប្បន្នសត្វដំរីឈ្មោះ ឈូកនេះបានប្រើប្រាស់ជើងសិប្បនិមិត្តហើយអាចដើរ បាននិងមានសុខភាពល្អដូចសត្វដំរីដទៃដែរ។ រូបសំណាក សត្វដំរី«ឈូក» នេះក៏ធ្លាប់ត្រូវបានកសាងឡើងធ្វើអន្ទាក់ដែលបានប្រមូលពីព្រៃមកដែរ។

​រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ហ្វូងសត្វដំរីចំនួន១២ ក្បាល បានធ្លាក់រណ្តៅទឹក និងជាប់ភុងក្នុងភក់ បង្កការភ្ញាក់ផ្អើលមួយនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដោយសហការជាមួយអង្គការ WCS និងប្រជាពលរដ្ឋបាន នាំគ្នាជីកដីធ្វើជាផ្លូវដែលអាចធ្វើឱ្យហ្វូងដំរីទាំងនោះឡើងផុតពីភក់ហើយត្រឡប់ចូលទៅក្នុងព្រៃដោយសុវត្ថិភាព ហើយព្រឹត្តិការណ៍មួយទៀតគឺហ្វូងសត្វដំរីដែលតែងតែឧស្សាហ៍បង្ហាញខ្លួននៅខាងក្រោយអគាររដ្ឋបាលសាលា ស្រុកកែវសីម៉ា និងការបង្ហាញខ្លួនចូលមកជិតក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ និងស៊ីដំណាំនៅក្នុងស្រុកកែវសី ម៉ាដែលបានបង្កជាទំនាស់រវាងសត្វដំរីនិងមនុស្សជាដើម។
​តាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាលដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំង ៥ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល មានប្រមាណជាង ៣៧៥ ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានដំរីចំនួនប្រមាណជិត ២០០ ក្បាល និងផ្សេងទៀតបាននិងកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំផ្ទៃដីចំនួន ៧,៥ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាដែលកំពុងតែត្រូវបានការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅកម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាំ នៅជាប់នឹងតំបន់ការពារធម្មជាតិ ហើយពេលខ្លះដំរីមកស៊ីដំណាំ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណែកសត្វដំរីស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ ៧០ ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការថយចុះដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្តបន្ទាប់។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ដើម្បីការពារនិងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការដៃគូនានារៀបចំផែនការអភិរក្ស និងការពារសត្វដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិរក្សសត្វដំរីដោយពង្រឹងប្រសិទ្ធភាពការពារនិងគ្រប់គ្រងធនធានធម្មជាតិ ដែលជាទីជម្រកនិងកន្លែងផ្តល់ចំណីដល់សត្វដំរី និងការ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រានព្រៃដាក់នៅក្នុងព្រៃ និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកបរបរដាំដាំនៅតាមចម្ការនានាក្បែរតំបន់ការ ពារធម្មជាតិកុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែលចូលស៊ីដំណាំរបស់ខ្លួន៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩