របាយការណ៍ស្ថានភាពបរិស្ថានជាតិពិតជាមានសារៈសំខាន់និងចាំបាច់សម្រាប់កម្ពុជា ដែលត្រូវតែរៀបចំឡើងប្រកបដោយខ្លឹមសារ ទិន្នន័យច្បាស់លាស់និងគុណភាព ហើយត្រូវតែចងក្រងឡើងប្រកប ដោយ
លក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ ប្រើប្រាស់ដោយគ្រប់មជ្ឈដ្ឋាន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាអធិបតីភាពនៃសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ ដែលរៀបចំឡើយ ដោយនាយកដ្ឋានព័ត៌មាន ភូមិសាស្ត្រនៃក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមបានថ្លែងថារបាយការណ៍នេះ ផ្តល់ការយល់ដឹងអំពីនិន្នាការស្ថានភាព​បរិស្ថាន​ឲ្យ​បាន​កាន់​តែ​ប្រសើរ ចងក្រងនូវផលប៉ះពាល់បរិស្ថានសង្គម និងពីស្ថានភាពដែលប្រែប្រួល និងបង្ហាញពីប្រសិទ្ធភាពនៃការឆ្លើយតបចំពោះ សម្ពាធនិងផលប៉ះពាល់បរិស្ថាន។

​ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រងប្រមូលផ្តុំនូវឯកសារ ទិន្នន័យ​គោល និងព័ត៌មានវិទ្យាសាស្ត្រអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នកសិក្សា ស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការជាតិ-អន្តរជាតិ ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់ការអប់រំចំណេះដឹងបរិស្ថាន ការធ្វើសេចក្តីសម្រេច ការគ្រប់គ្រង និង​ការធ្វើ​ផែនការ​សកម្មភាព ដើម្បី​សម្រេច​បានការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ស្របតាម​កម្មវិធី​នយោបាយ​ជាតិ។ ​​ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា​​​​​​​​​​គោលបំណងសិក្ខាសាលាពិគ្រោះយោបល់នេះដើម្បីស្វែងរកការចូលរួមធ្វើបច្ចុប្បន្ន​ភាពទៅលើសេចក្តីព្រាងមាតិការបាយការណ៍ស្ថានភាពបរិស្ថានជាតិ ក៏ដូចជាការផ្តល់ធាតុចូលសំខាន់ៗដែលជាមូលដ្ឋានគោលសម្រាប់គាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍ពីសំណាក់ភាគីពាក់ព័ន្ធ។ ឯកឧត្តមបានថ្លែងថា បរិស្ថានគឺជាការងារពហុវិស័យ និង ពហុជំនាញ ដែលក្នុងន័យនេះតម្រូវឱ្យមានការចូលរួមសហការច្រើនពីក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីអាចទទួលបាននូវធាតុចូលច្រើនតាមដែលអាចធ្វើទៅបាន និងការឯកភាពគ្នាទៅលើធាតុចេញដែលនេះ គឺ របាយការណ៍ស្ថានភាពបរិស្ថានជាតិនេះឯង។

សូមបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ បានបញ្ចូលនូវប្រធានបទបរិស្ថានចំបងៗចំនួន៦ ក្នុងនោះ​មានដូចជា ១) គុណភាពខ្យល់ ២)ការប្រែប្រួលអាកាសធាតុ ៣) ទឹក(ទឹកសាប និងទឹកសមុទ្រ) ៤) ដី ៥) ជីវៈចម្រុះ(ព្រៃឈើ សត្វព្រៃ) ៦) សំណល់(រឹង និងរាវ)។ របាយការណ៍នេះ ចាំបាច់ ត្រូវមានសូចនាករ ទិន្នន័យ ស្ថិតិ ប្រកបដោយលក្ខណៈ​​វិទ្យាសាស្រ្តជាអំណះអំណាងច្បាស់លាស់។ ធាតុចូលចាំបាច់សំខាន់ៗសម្រាប់ឱ្យរបាយការណ៍ នឹងក្លាយជាឯកសារមានតម្លៃអាច​យកទៅប្រើប្រាស់មិនគ្រាន់តែជាមូលដ្ឋានយោងប៉ុណ្ណោះទេ ប៉ុន្តែវាជាភស្តុតាងចម្បងដែលដើរតួនាទីបំពេញជាសារបញ្ជាក់រួមមួយអាចទទួលយកបានអំពីស្ថានភាពបរិស្ថានបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការរួមចំណែក និងសហការរវាងអន្តរក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពដែលផលិត ទិន្នន័យ ស្ថិតិ និងព័ត៌មាន គឺជាគន្លឹះសំខាន់ខ្វះមិនបានក្នុងដំណើរការងារនេះ។

ស្របពេលដែល​កម្ពុជាយើង​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​មាន​កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ​ រួមជាមួយ​នឹងកំណើននៃការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅទូទាំងផ្ទៃប្រទេស ដែលទាំងនេះតម្រូវឱ្យមានការគិតគូរពីនិរន្តរភាពនៃការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាន។ ក្នុងន័យនេះ ក្រសួងបរិស្ថាន​ដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានដើរតួនាទីក្នុងការរៀបចំទស្សនវិស័យ ក៏ដូចជាគោលនយោបាយ យុទ្ធសាស្រ្ត និងការកំណត់អាទិភាព សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ជាកិច្ចឆ្លើយតបក្រសួងបរិស្ថាន បានកំណត់យក ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាសរសរស្តម្ភ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រង របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ នេះថា ជាមួយរបាយការណ៍នេះ ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹងមានរបាយការណ៍សម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិសម្រាប់ជាតិជាផ្លូវការមួយ ហើយនឹងក្លាយជាឯកសារយោងសម្រាប់មជ្ឈដ្ឋាននានា ក្នុងន័យនេះ​របាយការណ៍ស្ថានភាពបរិស្ថានមានតម្លៃសំខាន់ ៥៖ ១-តម្លៃនយោបាយៈ ២-តម្លៃសេដ្ឋកិច្ចៈ ៣-តម្លៃបរិស្ថាន និងការអភិវឌ្ឍៈ ៤-តម្លៃសង្គមកិច្ច ៥-ការកសាងសមត្ថភាពមន្ត្រីតាមរយៈដំណើរការរៀបចំរបាយការណ៍នេះ ការបណ្តុះបណ្តាលធនធានមនុស្សនិងការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក៏នឹងប្រព្រឹត្តទៅផងដែរដើម្បីកសាងអ្នកបន្តវេនសម្រាប់ការ រៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិនេះតទៅមុខទៀត។

តាមការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី ៤ នេះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២។ ដោយឡែកនៅឆ្នាំក្រោយនេះ គឺឆ្នាំ ២០២០ ក្រសួងបរិស្ថាន មានផែន
ការនឹងបញ្ចេញរបាយការណ៍វឌ្ឍនភាពស្តីពីស្ថានភាពបរិស្ថានសម្រាប់ពាក់កណ្តាលអណត្តិផងដែរ។ ឯកឧត្តមថ្លែងថារបាយការណ៍ស្ថានភាពបរិស្ថានជាតិ ត្រូវបានរៀបចំនិងបោះពុម្ពផ្សាយ ៣ លើករួចមកហើយគឺ លើកទី១ នៅឆ្នាំ ១៩៩៤ លើកទី២ នៅឆ្នាំ ២០០៥ និងលើកទី​​​៣ នៅឆ្នាំ ២០១៩។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩