ក្រសួងបរិស្ថាន លើកទឹកចិត្តការប្រើប្រាស់ម៉ូតូអាគុយនៅតាមទីប្រជុំជន ដើម្បីផលចំណេញសេដ្ឋកិច្ច និងផលចំណេញផ្នែកបរិស្ថាន

40

«ម៉ូតូអាគុយពិតជាមានប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ២.៤ Kwh (ប្រហែល ១៦០០រៀល) សម្រាប់ការធ្វើដំណើរក្នុងចម្ងាយ ១០០គីឡូម៉ែត្រ បើធៀបនឹងម៉ូតូប្រើសាំងប្រហែល ១៨,០០០ រៀល​ ក្នុងចម្ងាយផ្លូវ១០០ គីឡូម៉ែត្រ ដូចគ្នា រីឯការបញ្ចេញឧស្ម័នផ្ទះកញ្ចក់វិញ គឺទាបជាងម៉ូតូធម្មតាប្រមាណ ០៥ដង» នេះជាការលើកឡើង របស់លោក កុក សុធា ទីប្រឹក្សាបច្ចេកទេសគម្រោង«រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» នៃក្រសួងបរិស្ថាន នៅក្នុងការផ្សព្វផ្សាយស្តីពីលទ្ធផលសិក្សាវាយតម្លៃពីប្រសិទ្ធិភាពបរិស្ថាន និងសេដ្ឋកិច្ច ដោយផ្តោតលើបច្ចេកវិទ្យាម៉ូត៉ូអាគុយ(E-Bike)និងទីផ្សាររបស់វានៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានស្នើឡើងនូវគម្រោង «រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» នេះឡើងដើម្បីបង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ។ គម្រោងបានអនុវត្តន៍ការសាកល្បងវិធីសាស្រ្តដែលប្រើកាបូនតិចតាមរយៈការប្រើប្រាស់ម៉ូតូអាគុយដើម្បីធ្វើការសិក្សាពីប្រសិទ្ធភាព និងទីផ្សាររបស់វាក្នុងគោលបំណងជំរុញការប្រើម៉ូតូអាគុយឱ្យបានទូលំទូលាយដើម្បីកាត់បន្ថយឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា គម្រោងបានធ្វើការសាកល្បងប្រើប្រាស់ម៉ូតូអាគុយ (E-bike) ចំនួន ១២គ្រឿង សម្រាប់មន្រ្តីរដ្ឋបាលក្រសួងបរិស្ថាន ដើម្បីបង្ហាញពីការប្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយបច្ចេកវិទ្យាប្រើកាបូនតិច និងធ្វើការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រើប្រាស់ E-bike ផលចំណេញផ្នែកបរិស្ថានដោយ E-bike មិនបានបញ្ចេញឧស្ម័នកាបូនិក (CO2) ទៅក្នុងបរិយាកាស និងដើម្បីផ្តល់អនុសាសន៍រួមចំណែកក្នុងការរៀបចំគោលនយោបាយជម្រុញការប្រើប្រាស់ម៉ូតូអាគុយឱ្យបានទូលំទូលាយនៅកម្ពុជា។

យោងតាមស្ថិតិយានយន្តដែលបានចុះបញ្ចីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ២០១៣-២០១៧ គឺមានចំនួនសរុបប្រមាណ ៤,១៦លានគ្រឿង ដែលក្នុងនោះទោចក្រយាន្តយន្ត (ម៉ូតូ) មានប្រមាណ ៨០%។ កំណើននៃការប្រើប្រាស់យាន្តយន្ត គឺនាំឱ្យមានការប្រឈមបញ្ហាបរិស្ថានដែលគួរឲ្យព្រួយបារម្ភ ព្រោះចំហេះនៃឥន្ធនៈផូស៊ីល (សាំង ឬម៉ាសូត) បានបញ្ចេញសារធាតុបំពុលខ្យល់ និងឧស្ម័នផ្ទះកញ្ចក់ចូលក្នុងបរិយាកាសដែលនាំឱ្យមានវិបត្តិចំពោះសុខភាព និងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនោះទេ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលសិក្សាវាយតម្លៃពីប្រសិទ្ធិភាពបរិស្ថាន និងសេដ្ឋកិច្ច ដោយផ្តោតលើបច្ចេកវិទ្យាម៉ូត៉ូអាគុយ(E-Bike)និងទីផ្សារនៅកម្ពុជា មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា អគ្គនាយកដ្ឋានពន្ធដារ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ តំណាង CCCA នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតមកពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលារៀនគោលដៅ ទាំង០៥ ក្នុងរាជធានីភ្នំពេញ និងតំណាងវិស័យឯកជនជាច្រើននាក់ ដើម្បី ផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សា និងវិភាគស្តីពី៖១. ការចំណាយ និងផលប្រយោជន៍ និងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់នៃម៉ូតូអាគុយ ធៀបនឹង ទោចក្រយានយន្តធម្មតា(ម៉ូតូប្រើសាំង)នៅរាជធានីភ្នំពេញ
២. ទីផ្សារនៃជម្រើសលើការប្រើប្រាស់ម៉ូតូអាគុយ និងការរៀបចំអនុសាសន៍ជូនក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធសម្រាប់រៀបចំ និងអនុវត្តន៍គោល នយោបាយ ជម្រុញការប្រើប្រាស់ម៉ូតូអាគុយឱ្យបានទូលំទូលាយក្នុងតំបន់ទីប្រជុំជន។

ចែករំលែក