ក្រសួងបរិស្ថាន និងអង្គការ Tetra Tech ARD ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង USAID ព្រៃឡង់បៃតង

136

កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានអនុវត្តគម្រោងដំណាក់កាលទី១ ឈ្មោះថា Supporting Forest and Biodiversity (SFB) នៅក្នុងដែនជម្រកសត្វព្រៃឡង់ និងខ្ពង់រាបខាងកើត ក្នុងដែនជម្រកសត្វព្រៃកែវសីមាកាលពីឆ្នំា២០១២-២០១៧ ក្រោមជំនួយគំាទ្រពី USAID ក្នុងថវិកាសរុបប្រមាណ២៣លានដុល្លារអាមេរិក ក្នុងការសម្រេចគោលដៅជាយុទ្ធសាស្រ្តចំនួន៣ គឺ ១. បង្កើនប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងព្រៃឈើ និងអភិរក្សជីវៈចម្រុះ ២. លើកកម្ពស់ការពិភាក្សាដោយស្ថាបនា ស្តីពីការគ្រប់គ្រងព្រៃឈើ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ជាតិ និងក្រោមជាតិ និង៣. បង្កើនផលប្រយោជន៍ប្រកបដោយសមធម៌ ពីការគ្រប់គ្រងព្រៃឈើដោយនិរន្តភាព ។
ការថ្លែងបែបនេះ ត្រូវបានឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោង USAID ព្រៃឡង់បៃតងរវាងក្រសួងបរិស្ថាន និងអង្គការ Tetra Tech ARD នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នំាំ២០១៩នេះ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។ ឯកឧត្តម សៅ សុភាព បន្តថា គម្រោង USAID ព្រៃឡង់បៃតងនេះ គឺជាដំណាក់កាលទី២ ដែលបាន និងកំពុងអនុវត្តនៅខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ដែលជាខេត្តស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ។ តំបន់ទំាងនេះរួមមាន ដែនជម្រកសត្វព្រៃ “ព្រៃឡង់” និងតំបន់ការពារមួយចំនួនទៀត ដូចជា តំបន់ការពារទេសភាពព្រះវិហារ ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងដែនជម្រកសត្វព្រៃបឹងពែ និងតំបន់របៀងអភិរក្សជីវៈចម្រុះដែលទើបតែបង្កើតនាពេលថ្មីៗ ព្រមទំាងតំបន់ព្រៃរងទឹកភ្លៀងធំៗចំនួន៣ ដែលតភ្ជាប់ពីតំបន់ព្រៃឡង់ទំាងមូលទៅនឹងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ។
ឯកឧត្តមបន្ថែមថា គម្រោង USAID ព្រៃឡង់បៃតង ដែលមានរយៈពេល៥ឆ្នំាមានថវិកាសរុបចំនួន២១.១២៨.៩៨៦ដុល្លារអាមេរិក គឺចាប់ផ្តើមនៅថ្ងៃទី០៧ ខែសីហារ ឆ្នំា២០១៨ ហើយនឹងបញ្ចប់ទៅវិញ នៅថ្ងៃទី០៦ ខែសីហា ឆ្នំា២០២៣ ។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទំាងបង្កើតឱ្យមាននិរន្តភាព និងសមធម៌នៃកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ ហើយគម្រោងនេះទៀតសោត ក៏នឹងជួយពង្រឹងលើការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងតម្លាភាពនៃតំបន់ទេសភាពព្រៃឡង់ទំាងមូលផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមយ៉ាងមុតមំាថា កិច្ចសហការរវាងក្រសួងបរិស្ថាន និង Tetra Tech ជាជំហានយ៉ាងត្រឹមត្រូវស្របតាមយុទ្ធសាស្រ្តឈ្នះៗ ក្នុងការងារអភិរក្ស និងការការពារធនធានធម្មជាតិប្រកបដោយនិរន្តភាព ។ បន្ថែមលើនេះ ឯកឧត្តម សៅ សុភាព បានលើកទឹកចិត្តឱ្យអង្គការ Tetra Tech ក៏ដូចជាដៃគួអភិវឌ្ឍន៍នានា បន្តអនុវត្តកិច្ចការការងារដ៏ល្អប្រសើរទំាងនេះ និងបន្តចូលរួមយ៉ាងសកម្ម និងរួមចំនែកនៅក្នុងការអនុវត្ត ខណៈពេលដែលកិច្ចសហការលើការងារអភិរក្ស និងការការពារធនធានធម្មជាតិប្រកបដោយនិរន្តភាព ៕

ចែករំលែក