ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា «ឆ្លុះបញ្ចាំង និងលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុនិងយេនឌ័រ និងការបញ្រ្ជាបការបន្ស៊ាំនឹង ការប្រែប្រួល អាកាសធាតុនៅថ្នាក់ក្រោមជាតិ»

16

នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នាខេត្តសៀមរាប ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា «ឆ្លុះបញ្ចាំង និងលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុនិងយេនឌ័រ និងការបញ្រ្ជាបការបន្ស៊ាំនឹង ការប្រែប្រួល អាកាសធាតុនៅថ្នាក់ក្រោមជាតិ»
ដែលសម្របសម្រួលរៀបចំដោយគម្រោងការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព(SRL) នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ដោយមានចូលរួមពីភាគីពាក់ព័ន្ធនឹងការអនុវត្តគម្រោងជាពិសេសអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងប្រជាកសិករ មកពីស្រុកចំនួន៥ (ប្រាសាទបាគង ស្វាយលើ វ៉ារិន ស្រីស្នំ និងក្រឡាញ់) សរុបចំនួន១១៧នាក់ (ស្រី៣៦នាក់)។ សិក្ខានេះមានគោលបំណង ១).ផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីការអនុវត្តគម្រោង SRL និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩-២០២០ ២). ឆ្លុះបញ្ចាំងលើការយល់ដឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ខេត្ត ស្រុក ឃុំ) អំពីការប្រែប្រួលអាកាសធាតុនិងយេនឌ័រ និងការបញ្រ្ជាបការបន្ស៊ាំការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ (កម្មវិធីវិនិយោគស្រុក និងឃុំ)និង ៣).លើកកម្ពស់ការយល់ដឹងអំពីការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅថ្នាក់ក្រោមជាតិ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងអំពីនិន្នាការ និងផែនការសកម្មភាពសាកល ក៏ដូចជាផែនការសកម្មភាពថ្នាក់ជាតិក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមខិតខំបង្កើនចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួនដើម្បីចូលរួមគាំទ្រសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

ចែករំលែក