ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តដល់ក្រុមហ៊ុនសឹង្ហបុរីចែករំលែកបទពិសោធន៍លើបច្ចេកវិទ្យាថ្មីលើវិស័យផ្លូវថ្នល់ និងបរិស្ថាន

69

នៅថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នំាច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យឯកឧត្តម Michael TAN Keng Siong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Michael TAN Keng Siong បានបង្ហាញពីបំណង និងឆន្ទៈក្នុងការរួមចំណែកជាមួយក្រសួងបរិស្ថាន ដោយបានណែនាំ ក្រុមហ៊ុន ECNA និង ក្រុមហ៊ុន Agri Tech Co LTD មកពីប្រទេសសឹង្ហបុរី ដែលមានគម្រោងវិនិយោគលើការធ្វើផ្លូវលំពីល្បាយដីឥដ្ឋជាមួយខ្សាច់ និងការកែច្នៃសំណល់ផ្ទះបាយនៅប្រទេសកម្ពុជា ។ ក្នុងឱកាសនេះ លោក Xavier Yeo ប្រធានក្រុមហ៊ុន ECNA បានបង្ហាញពីបច្ចេកទេសក្នុងការសាងសង់ផ្លូវលំពីល្បាយដីឥដ្ឋជាមួយខ្សាច់ជាប់បានយូរហូតដល់៥ឆ្នាំនិងមានតម្លៃសមរម្យ។ បន្ទាប់មកលោក Nicholas Goh ប្រធានក្រុមហ៊ុន Agri Tech Co LTD បានបង្ហាញពីការកែច្នៃសំណល់ពីផ្ទះបាយនៅតាមសាលារៀន និងនៅតាមគេហដ្ឋានទៅជាជីកំប៉ុស្ត៍ ក្នុងតម្លៃថោកសម្រាប់ប្រើប្រាស់ក្នុងការដាំដំណាំនៅតាមសាលារៀន និងនៅតាមផ្ទះ។
ឯកឧត្តម សាយ សំអាល់ បានសំដែងការស្វាគមន៍ និងគំាទ្រចំពោះបទបង្ហាញការរកឃើញបច្ចេកវិទ្យាថ្មី ក្នុងការកសាងផ្លូវលំនិងការកែច្នៃសំណល់ពីផ្ទះបាយនៅតាមសាលារៀនទៅជាជីកំប៉ុសក្នុងតម្លៃថោក ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយតម្លៃក្នុងការថែទាំផ្លូវ និងកាត់បន្ថយសំណល់ផ្ទះបាយនៅទីលានចាក់សំរាម។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរបន្តសហការជាមួយក្រសួងបរិស្ថានបន្ថែមទៀត និងបានអញ្ជើញក្រុមហ៊ុនទាំងពីរមកធ្វើបទបង្ហាញដល់យុវជនកម្ពុជា នៅពេលខាងមុខ ដើម្បីផ្តល់ចំណេះដឹងលើបច្ចេកវិទ្យាថ្មីទាំងនេះ ដែលអាចយកទៅអនុវត្ដន៍តាមសាលារៀន និងតាមមូលដ្ឋានឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ចែករំលែក