ថ្នាក់ដឹកនាំស្រ្តីនៃក្រសួងបរិស្ថាន គាំទ្រស្រ្តីក្នុងការចូលរួមអនុវត្តការងារក្នុងក្របខណ្ឌវិស័យបរិស្ថាន

91

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ៍ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាវាយតម្លៃពាក់កណ្តាលអាណត្តិស្តីពី ការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន២០១៦-២០២០ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន តំណាង UN Women ប្រចាំកម្ពុជា រួមទាំងមានការចូលរួមពីមន្រ្តីជំនាញមកពីគ្រប់មន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើណាក់។ វេទិកានេះរៀបចំឡើង ដើម្បីធានាឱ្យមានសមភាពយេនឌ័រ កែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្រ្តី និងបុរសក្នុងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាការផ្តល់លទ្ធភាពក្នុងការលើកកម្ពស់ស្ថានភាព និងសមត្ថភាពស្រ្តីក្នុងការបំពេញការងារ ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការធ្វើឱ្យមានសមភាព និងសមធម៌យេនឌ័រ និងដើម្បីបង្កើនឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀតរវាងស្រ្តី និងបុរសក្នុងវិស័យបរិស្ថាន។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានកំណត់គោលដៅជាយុទ្ធសាស្រ្ត ដោយឈរលើសសរស្តម្ភទាំង៤រួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព និងបានគិតគូរផងដែរក្នុងការបញ្ជ្រាបបញ្ហាយេនឌ័រនៅក្នុងកម្មវិធី និងសកម្មភាពនានាក្នុងវិស័យបរិស្ថានដោយផ្តោតទៅលើការយកចិត្តទុកដាក់លើស្ត្រី តាមរយៈការលើកកម្ពស់សមត្ថភាព ការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការ បង្កើនសកម្មភាពអនុវត្តការងារក្នុងក្របខណ្ឌវិស័យបររិស្ថាន បង្កើនការដំឡើងតួនាទីស្ត្រីជាថ្នាក់ដឹកនាំ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

គួរបញ្ជាក់ថា សម្រាប់ផែនការយុទ្ធសាស្ត្រទាំង៥ នៃផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងបរិស្ថាន២០១៩-២០២០ ក៏ជាផែនការមួយសម្រាប់ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកក្នុងវិស័យបរិស្ថាន។ តាមរយៈ ផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍខាងលើនេះដែរ គឺជាការរួមចំណែកក្នុងការសម្រេចបានូវគោលដៅជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព និងការដាក់ចេញក្របខ័ណ្ឌយុទ្ធសាស្ត្រ ឆ្នាំ២០១៨-២០២៣ ដើម្បីប្រែក្លាយក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ទៅជារដ្ឋបាលទំនើប ដោយផ្អែកលើកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ស្រី្តចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ៕

ចែករំលែក