ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

27

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទីវង្គតចាកចោលប្រជារាស្រ្ត និងមាតុភូមិកម្ពុជាជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។ នៅថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថានដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន យាង សោយ ព្រះ ទិវង្គត នៅ វេលា ម៉ោង ១ ៖ ២០ នាទី រំលង អធ្រាត្រឈានចូល ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង ព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធនៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។

 

ចែករំលែក