ក្រសួងបរិស្ថានផ្សព្វផ្សាយការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា

128

ដើម្បីអបអរសាទរទិវាអូហ្សូពីភពលោក ១៦កញ្ញា ឆ្នាំ២០១៨ និងដើម្បីពង្រឹងការយល់ដឹងនូវវិធានការចាំបាច់មួយចំនួន ដែលមនុស្សជាតិត្រូវអនុវត្ត ក្នុងទិសដៅធានានូវនិរន្តភាពបរិស្ថាន និងរក្សាបាននូវតុល្យភាពនៃភពផែនដីនៅក្នុងការអភិវឌ្ឍ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំការផ្សព្វផ្សាយតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា។ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សិស្ស-និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពង់ធំ ស្វាយរៀង និងតាកែវ ទទួលបានការយល់ដឹងពីសារធាតុដែលបំផ្លាញស្រាទាប់អូហ្សូននៅក្នុងភពផែនដី។ ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានឱ្យដឹងថា ៖ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ដែលពិភពលោកប្រារព្ធឡើងនោះ គឺ ក្នុងគោលបំណង ដើម្បីបំផុសស្មារតីមហាជនពីគ្រប់មជ្ឈដ្ឋានឱ្យបន្តចូលរួមគាំទ្រ និងសហការជាមួយរដ្ឋាភិបាលនៃបណ្តារដ្ឋភាគីទាំងអស់ ក្នុងការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ក៏ដូចជាដើម្បីរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ក្នុងការថែរក្សា ការពារ និងទប់ស្កាត់ការបំផ្លិចបំផ្លាញស្រទាប់អូហ្សូន និងកាត់បន្ថយការកើនឡើងនូវកំដៅលើភពផែនដីក្នុងរយៈកាលកន្លងមក ជាពិសេសផ្ដោតការយកចិត្តទុកដាក់ ក្នុងការធ្វើសកម្មភាព ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក ដើម្បីការពារស្រទាប់អូហ្សូន។
សូមបញ្ជាក់ថា ពិធីអបអរសាទរទិវាអូហ្សូពីភពលោក ១៦ កញ្ញា ឆ្នាំ២០១៨ ប្រព្រឹត្តឡើងក្រោមប្រធានបទៈ ថែភពផែនដីឱ្យត្រជាក់ និងបន្តអនុវត្ត ការការពារស្រទាប់អូហ្សូន និងបរិយាកាសរបស់យើងក្នុងទិវាអូហ្សូនពិភពលោក៕

ចែករំលែក