កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ

64

នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មដំណាំអំពៅ របស់ក្រុមហ៊ុន កំពង់ស្ពឺផ្លានថេសិន លើផ្ទៃដីទំហំ ៤.៣៨៧,៨២ ហិកតា      មានទីតាំងភូមិសាស្ត្រស្ថិតនៅក្មុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់ ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (Cambodia) Co.,Ltd. ។ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន ព្រមទាំងក្រសួងពាក់ព័ន្ឋ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាង NGO Forum នាព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួង ទទួលបានដូចខាងក្រោម៖
១. ឯកភាពលើគម្រោងវិនិយោគនេះ
២.ការស្ទាក់ទឹករបស់ក្រុមហ៊ុនគឺជាការប្រឈមសំរាប់ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ដូច្នេះ ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញ ដើម្បីពិនិត្យមើលឡើងវិញនូវបទដ្ឋានបច្ចេកទេសសម្រាប់សំណង់ស្ទាក់ទឹកទាំងនោះ
៣.ទោះបីក្រុមហ៊ុនបានចុះបញ្ជីដីធ្លីរួចរាល់ហើយក៏ដោយ ប៉ុន្តែវាអាចមាននូវការប៉ះពាល់ដីធ្លីដែលនៅសេសសល់ ជាមួយប្រជាពលរដ្ឋ ដូច្នេះក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយឱ្យបានចប់សព្វគ្រប់ ទៅតាមការប៉ះពាល់ជាក់ស្តែង
៤.ក្រុមហ៊ុនត្រូវជួយបណ្តុះបណ្តាលធនធានមនុស្សដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការផ្តល់បច្ចេកទេសជំនាញ និងអាហាររូបករណ៍ដល់ពួកគាត់
៥.ក្រុមហ៊ុនត្រូវជីកប្រឡាយ និងព្រំដីជៀសវាងធ្លាក់គោ ក្របីរបស់ប្រជាពលរដ្ឋ ឬអាចធ្វើជារបង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន
៦. ក្រុមហ៊ុនតូ្រវសហការជាមួយអ្នកបច្ចេកទេក្នុងការប្រើប្រាស់ជីគីមីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដើម្បីចៀសវាងការបំពុលគុណភាពទឹក និងគុណភាពដី
៧. ឯកភាពទាំងអស់ទៅលើមតិយោបល់ របស់ឯកឧត្តម អស់លោក លោកស្រី ជាសមាជិកអង្គប្រជុំ៕

ចែករំលែក