នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំណែនាំអំពីនីតិវិធីនិងដំណើរការ នៃការប្រកួតជជែកពិភាក្សាអំពីបរិស្ថាន ទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន និងនាំមកនូវគំនិតស្រាវជ្រាវថ្មីៗតាមបែបវិទ្យាសាស្រ្ត សម្រាប់បង្កើនកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការប្រកួតជជែកពិភាក្សារបស់និស្សិតបរិញ្ញាបត្ររបស់បណ្តាសាកលវិទ្យាល័យសរុបចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្ត ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។

កិច្ចប្រជុំបានដំណើរការដោយមានបង្ហាញជាក់លាក់អំពីគោលការណ៍និងនីតិវិធីនៃការប្រកួតពិភាក្សា ជំនាញមូលដ្ឋាននៃការជជែកពិភាក្សា លក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុ និងការចាប់ឆ្នោតជ្រើសរើសប្រធានបទនិងគូប្រកួត។

ការប្រកួតជជែកពិភាក្សាប្រចាំឆ្នាំនេះ មានរយៈពេល៣ខែ ចាប់ផ្តើមពីខែសីហា រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបែងចែកជា៣ដំណាក់កាល រួមមាន វគ្គប្រកួតដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ប្រធានបទសំខាន់សម្រាប់វគ្គប្រកួតដំបូង មាន៧ប្រធានបទ៖ ១) ការប្រើប្រាស់បច្ចេកវិទ្យាដែលធន់នឹងអាកាសធាតុក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អាចឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា, ២) កម្ពុជាគួរពង្រឹងការចាត់វិធានការបញ្ឈប់ការដុតសំណល់នៅទីចំហរ, ៣) ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាឧបសគ្គរារាំងដល់ការអភិវឌ្ឍ, ៤) ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិជាកត្តាសំខាន់រួមចំណែកដល់កិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា, ៥) ការចូលរួមពីសហគមន៍មូលដ្ឋានជាកត្តាចាំបាច់បំផុតដើម្បីធានានិរន្តរភាព ទេសចរណ៍ធម្មជាតិ, ៦)ការការពារនិងអភិរក្សធនធានព្រៃឈើប្រឈមនឹងការអភិវឌ្ឍ និង ៧) សកលលោកនឹងមិនអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០។

លទ្ធផលនៃការជជែកពិភាក្សាទាំងនេះ គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអ្នកសិក្សាស្រាវជ្រាវនានា អាចប្រើប្រាស់សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត និងវិធានាការសមស្រប ចំណែកសាធារណជនក៏អាចបង្កើនការចូលរួមចំពោះកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាពជាងមុន។

ពិធីបើកផ្លូវការនៃការប្រកួតវគ្គដំបូង នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់