រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែករំលែកបទពិសោធន៍ដល់មន្រ្តីរាជការវ័យក្មេងជាប់ អាហារូបករណ៍ ទៅសិក្សានៅប្រទេសណូវែលសេឡង់ និងប្រទេសជប៉ុន

21

នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយ មន្រ្តីរាជការវ័យក្មេងចំនួន២៤នាក់ ដែលទទួលបានអាហាររូបករណ៍ទៅសិក្សានៅប្រទេសណូវែលសេឡង់ជំនាន់ទី៤៩ និងទៅប្រទេសជប៉ុន។ យុវជនទាំងនេះ នឹងទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ សម្រាប់ឆ្នាំ២០១៨-២០២០ ខាងមុខនេះ រួមមានមុខវិជ្ជា ការពង្រឹងវិស័យអប់រំសុខាភិបាល វិស័យអភិវឌ្ឍទីក្រុង និងជនបទ និង ជំនាញផ្សេងៗជាច្រើនទៀតហើយការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ នេះ គឺមាននារី១៨នាក់ច្រើនជាងបុរស និងមានមន្រ្តីរាជការមកពីបណ្តាខេត្តជាច្រើន ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានលើកទឹកចិត្តឱ្យយុវជនពង្រឹងការអភិវឌ្ឍខ្លួនធ្វើទាំងទំលាប់ការរស់នៅ និងការសិក្សារៀនសូត្រទទួលបានភាពជោគ ជ័យ។ នាឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានជំរុញដល់យុជន ត្រូវស្វែងរក និងចេះទាញយកឱកាស ដើម្បីយកមកកែលម្អ និងអភិវឌ្ឍខ្លួនឯង ដោយរៀនទាំងទ្រឹស្តី និងអនុវត្ត ដើម្បីឱ្យទទួលបានទាំងចំណេះ និង ជំនាញស្របពេលប្រទេសកម្ពុជា ជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយល្អ និង មានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសផ្សេងៗ។ ដូច្នេះ យុវជនមានឱកាស ច្រើន ក្នុងការទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីបានផ្លាស់ប្តូរនូវបទពិសោធន៍ជាមួយ នឹង បណ្តា ប្រទេសផ្សេងៗ ដើម្បីទទួលបានចំណេះនិងជំនាញថ្មីៗ ដែលជាស្ពានចំលងខ្លួនឯងឈាន ទៅរកភាពជោគជ័យ អ្វីដែលសំខាន់ គឺបានសិក្សានូវជំនាញដែលខ្លួនពេញចិត្ត ក្នុងការឆ្លើយ តបនឹងតំរូវការទីផ្សារការងារនៅប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្នផងដែរ៕

ចែករំលែក