កម្ពុជារៀបចំសិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុង ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន អាស៊ីបូព៌ានៅខេត្តសៀមរាប

77

សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងនៅក្រោមក្របខណ្ឌកិច្ចប្រជុំ រដ្ឋមន្រ្តីបរិស្ថាន អាស៊ីបូព៌ា សហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលជប៉ុន ក្រុមការងារអាស៊ានស្តីពី និរន្តរភាពបរិស្ថានទីក្រុង (AWGESC) លេខាធិការដ្ឋានអាស៊ាន និងវិទ្យាស្ថានសម្រាប់យុទ្ធសាស្រ្តបរិស្ថាន សាកល (IGES) បានប្រារព្ឋបើកជាផ្លូវការ នៅថ្ងៃព្រហស្ប៍ ៧រោច ខែផល្គុន នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប អង្គរ នៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូមកពីប្រទេស ទីក្រុង និងស្ថាប័ននានា នៃប្រទេសចំនួនជិត២០ ចំណាយពេលវេលា៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ខែមីនា ឆ្នាំ២០១៨ដើម្បីផ្តល់ធាតុចូលក្នុងសិក្ខាសាលានេះ។

បន្ទាប់ពីការស្វាគមន៍ដល់ប្រតិភូភ្ញៀវជាតិ និងអន្តរជាតិ របស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ឯកឧត្តម យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តី ទទួលបន្ទុក ការងារបរិស្ថានពិភពលោក នៃក្រសួងបរិស្ថានជប៉ុន បានបញ្ជាក់ថាប្រទេសអាស៊ាន កំពុងអភិវឌ្ឍ ក្នុងល្បឿនលឿនមួយ ហើយការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺជាបញ្ហាសំខាន់ សម្រាប់តំបន់។ រាជរដ្ឋាភិបាលជប៉ុនទទួលស្គាល់បញ្ហានេះ. ហើយបានគាំទ្រយ៉ាងសកម្មដល់ការរៀបចំ សិក្ខាសាលា ស្តីពីនិរន្តរភាពទីក្រុង ដើម្បីសហការគ្នាទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងនានា នៅក្នុងតំបន់ ឆ្ពោះទៅរកនិរន្តរភាព។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មាន ចំណាប់អារម្មណ៍ក្នុងការដើរតួនាទីយ៉ាងសំខាន់ សម្រាប់លើកកម្ពស់ និរន្តរភាពបរិស្ថានទីក្រុង ជាពិសេស ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីនិរន្តរភាពបរិស្ថានទីក្រុង ដោយមានកិច្ចសហការជាមួយ ប្រទេសសមាជិកអាស៊ាន និងអាស៊ីបូព៌ា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានសង្កត់ធ្ងន់ថា ខណៈពេលដែលរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) កិច្ចព្រមព្រៀងទីក្រុងប៉ារីស របៀបវារៈទីក្រុងថ្មី និងចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ ចូលជាធរមាន តួនាទីរបស់ទីក្រុងក្នុងការសម្រេចគោលដៅទាំងនេះ ត្រូវបានចាត់ទុកថារឹតតែមានសារៈសំខាន់។ គោលនយោបាយ និងសកម្មភាព SDGs ប្រែប្រួលពីទីក្រុងមួយទៅទីក្រុងមួយទៀត ហើយការធ្វើមូលដ្ឋាននីយកម្មនៃ SDGs គឺជាសមាសធាតុដ៏សំខាន់ក្នុងការជំរុញនិរន្តរភាពនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុង នឹងទទួលបានលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត ហើយចាកចេញជាមួយនឹងគំនិត ចំណេះដឹង និងទំនាក់ទំនងថ្មីៗ ដែលរួមចំណែកដល់ការអភិវឌ្ឍទីក្រុងនៅក្នុងតំបន់ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ជាសិក្ខាសាលាប្រចាំឆ្នាំលើកទី៩ ដែលបានចាប់ផ្តើមដំបូងនៅ ឆ្នាំ២០១០ នៅក្រោមក្របខណ្ឌសហប្រតិបត្តិការនៃកិច្ចប្រជុំកំពូល រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា។ សិក្ខាសាលាជាន់ខ្ពស់ លើកទី១ ស្តីពីនិរន្តរភាពបរិស្ថានទីក្រុង ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលចំនួន៤ គឺជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី និងសិង្ហបុរី ដើម្បីបង្កើតគោលគំនិតសម្រាប់សហប្រតិបត្តិការក្នុងផ្នែក និរន្តរភាពបរិស្ថានទីក្រុង។

សិក្ខាសាលាលើកទី១ សម្រេចបាននូវបញ្ជីសកម្មភាពសម្រាប់លើកកម្ពស់និរន្តរភាពបរិស្ថានទីក្រុង។ បន្ទាប់មកលេខាធិការដ្ឋានអាស៊ាន ក្រុមការងារអាស៊ានស្តីពីនិរន្តរភាពបរិស្ថានទីក្រុង និងដៃគូសំខាន់ៗ បានពិនិត្យមើលបញ្ជីសកម្មភាពទាំងនេះ ហើយបង្កើតបានជាកម្មវិធីទីក្រុងគំរូអាស៊ាន ESC ក្នុងខែមេសា ឆ្នាំ២០១១។ រហូតមកដល់ពេលនេះ កម្មវិធីទីក្រុងគំរូអាស៊ាន ESC ត្រូវបានអនុវត្តនៅក្នុងទីក្រុងចំនួន៤០ នៃរដ្ឋសមាជិកអាស៊ាន ចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៣ ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន។ ហេតុដូចនេះ កិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា តាមរយៈសិក្ខាសាលាជាន់ខ្ពស់ ពិតជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ចែករំលែក