ក្រសួងបរិស្ថាន សង្គមស៊ីវិល និងវិស័យឯកជនបានចុះហត្ថលេខាត្រីភាគី លើកិច្ចព្រមព្រៀង គម្រោងការអភិរក្ស ព្រៃឈើតំបន់ព្រៃឡង់ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណង រួមគ្នាការពារ និងអភិរក្សព្រៃឈើតំបន់ព្រៃឡង់។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព នៃពិធីចុះហត្ថលេខារួមគ្នារវាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ(CI) និងក្រុមហ៊ុន MITSUI Co.,LTD របស់ប្រទេសជប៉ុននៅរសៀល ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅថ្ងៃនេះ អ្វីដែល បានខិតខំប្រឹងប្រែងធ្វើអស់រយះពេល៨ឆ្នាំមកហើយ បានលេចចេញ ជាផ្លែផ្កា។ គោលបំណងនៃកិច្ចសហប្រតិបត្តិនេះគឺរួមគ្នា ថែរក្សាការពារធនធានព្រៃឈើ និង អភិរក្សធនធាន ធម្មជាតិ និងគុណភាពបរិស្ថានយូរអង្វែង ជាពិសេសកិច្ចព្រមព្រៀងនេះ បានរួមចំណែក ក្នុងការពង្រឹង ការអនុវត្តច្បាប់ ការអភិវឌ្ឍន៍សហគមន៍ និងជីវចម្រុះក្នុងតំបន់ព្រៃឡង់បានគង់វង្សផងដែរ។

ជាមួយគ្នានេះឯកឧត្តម បានថ្លែងអំណរគុណដល់ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមសហការ និងគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែង ក្នុងការបំពេញភារកិច្ចស្នូលរបស់ក្រសួងបរិស្ថានក្នុងបុព្វហេតុគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ហើយគុណតម្លៃដ៏មហាសាលនៃបរិស្ថានយើង មិនមែនសម្រាប់ តែកម្ពុជា ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់លើសកលលោក។

តំបន់ព្រៃឡង់ស្ថិត ក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលមានផ្ទៃដីព្រៃឡង់សរុប ៤៣១.៦៨៣ ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន ១២០.០០០ហិកតា ត្រូវបានដាក់ក្នុងគម្រោងអភិរក្សនេះក្នុងជំហានទី១ និងជំហានទី២គ្របដណ្តប់តំបន់ព្រៃឡង់ទាំងមូល។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ ឆ្លើយតប ទៅនឹងកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ថ្ងៃទី២២ ខែសីហា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងបាន ដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណងជាយុទ្ឋសាស្រ្ត និង ចក្ខុវិស័យធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាគាំពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។ ដោយឡែកក្នុងក្របខណ្ឌអន្តរជាតិវិញ សកម្មភាពនេះជាទំនួលខុសត្រូវ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ក្នុងនាមកម្ពុជាជាសមាជិកនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់