“ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ” កំពុងទទួលការបង្រៀនសាកល្បងនៅក្នុងវិទ្យាល័យចំនួន២នៃខេត្តកំពត 

69

នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានសហការចុះវាយតម្លៃការបង្រៀនសាកល្បង “ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ” នៅក្នុងវិទ្យាល័យចំនួន២ រួមមាន វិទ្យាល័យជាស៊ីមអង្គរជ័យ និងវិទ្យាល័យព្រះបិតាជាតិ នៃខេត្តកំពត ដើម្បីសិក្សាវាយតម្លៃពីបញ្ហាប្រឈម ការលំបាកនានា ព្រមទាំងបំពេញនូវចំណុចខ្វះចន្លោះដែលបាននិងកំពុងកើតមានក្នុងឯកសារមេរៀនស្តីពីការប្រែប្រួលអាកាសធាតុនេះ ចាប់ពីថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

សេចក្តីព្រាងមេរៀនទាំងនេះរួមមាន៖ សម្រាប់ថ្នាក់ទី១០មាន២មេរៀន គឺ សេចក្តីផ្តើមពីប្រព័ន្ធអាកាសធាតុភពផែនដី តុល្យភាពថាមពលភពផែនដី, សម្រាប់ថ្នាក់ទី១១មាន៣មេរៀន គឺ ឥទ្ធិពលរបស់មនុស្សលើប្រព័ន្ធអាកាសធាតុ ភស្តុតាងនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, និងសម្រាប់ថ្នាក់ទី១២មាន២មេរៀន គឺ ការស្វែងយល់អំពីភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំគាំទ្រឡើងពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) ក្នុងគោលបំណងជាយុទ្ធសាស្រ្ត “ដើម្បីលើកកម្ពស់ចំណេះដឹងមន្រ្តីផ្នែកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្សកម្រិតមធ្យមសិក្សា តាមរយៈការបញ្ជ្រាបមុខវិជ្ជាប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ”៕

ចែករំលែក