ដែនជម្រកសត្វព្រៃកែវសីមា ផ្តល់ជាទីជម្រកធម្មជាតិដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទស្ថិតនៅ​ក្នុង​បញ្ជី​ក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែង​ឈានទៅរក​ការផុត​ពូជ។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាននៃអង្គការWCS ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។​

សូមបញ្ជាក់ថា IUCN(International Union for Conservation of Nature) គឺជាអង្គការអភិរក្សធនធាន​ធម្មជាតិនិងសត្វព្រៃធំជាងគេបង្អស់លើពិភពលោកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ​១៩៤៨ ដើម្បីជាយន្ត​ការរួមរបស់ពិភពលោកក្នុងការអភិរក្សធនធានជីវៈចម្រុះ និងការធានានូវការប្រើប្រាស់ដោយចីរភាព និង​និរន្តរភាព។ សត្វ ឬរុក្ខជាតិដែលត្រូវចាត់ក្នុងបញ្ជីក្រហមនៃអង្គការ IUCN គឺសុទ្ធសឹងតែជាប្រភេទរុក្ខជាតិ និងសត្វ ដែលជាប្រភេទកម្រនឹងមានក្នុងលោក ឬជាប្រភេទដែលឈានទៅរកការផុតពូជដែលទទួល​បាន​ការវាយតម្លៃជាសកលពីឋានៈរបស់វា។

សត្វទាំង៦០ប្រភេទនោះរួមមាន ស្វាកន្ទុយស និង​ទោច​ថ្ពាល់លឿងជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុម​គោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផ្សេងទៀត។ ការសិក្សាស្រាវជ្រាវកន្លងមកបានរកឃើញថា ដែនជម្រក សត្វព្រៃនេះ មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិវឌ្ឍន៍​គម្រោងទេសចរណ៍ ធម្មជាតិ​នាពេល​អនាគត។ អង្គការWCS បានឱ្យដឹងថា ក្រៅពីសំបូរទៅដោយសត្វព្រៃជាច្រើនប្រភេទហើយនោះ ដែន​ជម្រកសត្វព្រៃកែវសីមា មានប្រភេទរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ពិសេស​ទឹកធ្លាក់​ធម្មជាតិ​ជាង១០​កន្លែង​។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រក សត្វ​ព្រៃ​កែវសីមានៃអង្គការWCS បាន​និយាយថា៖ “តាមរយៈបទ ពិសោធន៍​ដែល​ខ្ញុំ​បានដើរ​ក្នុង​ដែន​ជម្រក​សត្វព្រៃកែវសីមាសម្រាប់រយៈ ពេល​​ជាង១០ឆ្នាំកន្លងមកនេះ ខ្ញុំមើលឃើញថាដែនជម្រកសត្វព្រៃ កែវ​សីមា គឺជា​ដែន​ជម្រក​សត្វ​ព្រៃ​ដ៏អស្ចារ្យ​មួយ និងពិតជាស្រស់ស្អាត ខ្លាំងណាស់។ ដែនជម្រកសត្វព្រៃនេះ មាន​សក្តានុ​ពល​ខ្ពស់សម្រាប់ ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ធម្មជាតិ ដែលអាចផ្តល់ជាថវិកា គាំទ្រ​ដល់ការ​ងារ​អភិរក្ស និងការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ នាថ្ងៃអនាគត”។

ក្រសួងបរិស្ថាន និងអង្គការWCS រួមទាំងប្រជាសហគមន៍ បាននិងកំពុងធ្វើការរួមគ្នាដើម្បីថែរក្សា និង​ការពា​រ​​ដែនជម្រកសត្វព្រៃ កែវសីមានេះអស់រយៈពេលជិត២០ឆ្នាំកន្លងដោយអនុវត្តការងារច្បាប់ សកម្មភាព​​អប់រំ ផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ការសិក្សាស្រាវ​ជ្រាវ​អំពី​ប្រភេទ​សត្វ និងរុក្ខជាតិ ការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច គម្រោងចិញ្ចឹមជីវិត ប្រជាសហគមន៍ និងគម្រោង​ទេសចរណ៍​ធម្មជាតិជាដើម៕ ដកស្រង់ពីអង្គការ WCS

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់