តើអ្នកឆ្លងឆ្នាំនៅឯណា?​ យុវជនមួយក្រុមទៅឆ្លងឆ្នាំនៅមណ្ឌលគិរី​លំហែរកាយនៅតំបន់ធម្មជាតិ «ពេលដើរលេងនៅតំបន់ធម្មជាតិច្រើន ទើបដឹងថាស្រុកខ្មែរស្រស់បំព្រងជាងមុន»

104

ក្រុមហ៊ុនAnussa Event Planner  នឹងរៀបចំបោះតង់នៅមណ្ឌលគិរីដែលមានរយៈពេល​បីថ្ងៃ២យប់​ចាប់​ពីថ្ងៃ ៣០ខែធ្នូ​រហូត​ដល់ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៨។ ជាការបោះតង់បែបលក្ខណៈទូលាយ​ដែល​យុវជន​​ចូល​រួម​ទាំងអស់អាច​ស្រូបអាកាស​ធាតុត្រជាក់នៅលើកំពូលភ្នំនានិទាឃរដូវ ការកំសាន្ត​តាមដងព្រៃ សំដៅ​ទឹកជ្រោះ ឈាងចូលភូមិជនជាតិដើមភាគតិចស្គាល់ពីវប្បធម៌ជនប្រពៃណីរបស់បងប្អូនខ្មែរលើ មើល​ថ្ងៃលិច​លើខ្នងព្រៃ មើល​ថ្ងៃរះ​ពីលើ​កំពូលភ្នំ​។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនAnussa Event Planner បានឱ្យដឹងថា ការ​ទៅបោះតង់​នៅ​មណ្ឌល​គិរីនេះ មិនមែនជាលើកទី១នោះទេសម្រាប់ក្រុមលោកស្របពេលដែលនិន្នាការនៃការកំសាន្តរបស់​យុវជនតាមតំបន់ធម្មជាតិបានកើនឡើង។ លោកបន្តថា ការជ្រើសរើសខេត្តមណ្ឌលគិរីនេះ គឺដោយ​សារ​តែសក្តានុពលខេត្តមានភាព​ទាក់ទាញ​ទាំង​វប្បធម៌ ​និងធម្មជាតិ។ មណ្ឌល​គិរី​មាន​ទឹកជ្រោះ​ស្រស់ស្អាត មានសមុទ្រឈើដាច់កន្ទុយភ្នែក និងវប្បធម៌​បងប្អូនខ្មែរ​ជនជាតិ​ដើមភាគតិច​ដែល​បាន​និង​កំពុង​រងចាំសម្តែងជូនភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។

បើតាមអ្នកជំនាញរៀបចំបោះតង់ តំបន់ធម្មជាតិគឺកំពុងជាទីចំណាប់អារម្មណ៍ពីក្រុមយុវជនសម្រាប់​ដើរ​កំសាន្ត ឬសម្រាកលំហែរកាយ ទន្ទឹម​នឹង​តំបន់​ធម្មជាតិ​ ត្រូវបានបង្កើតឡើងជាច្រើន និងជាបន្តបន្ទាប់។ សូមរំលឹកថា កម្ពុជាមានព្រៃធម្មជាតិប្រមាណ ៤១%​នៃផ្ទៃដីប្រទេស ខណៈដែលតំបន់ការពារធម្មជាតិ និង​អភរិក្ស​មាន​រហូត​ទៅដល់​៧,៥លាន​ហិកតា​ដែល​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

លោក សេង ពិសិដ្ឋថា៖ “យុវជនកម្ពុជាបច្ចុប្បន្ន ស្រឡាញ់ការដើរលេងក្នុងតំបន់ធម្មជាតិច្រើនជាងមុន សម្រាកជាក្រុមធ្វើការងារជាក្រុម ទាញទូរស័ព្ទផ្តិតរូបភាពទេសភាព​ប្លែកៗ​ស្អាតៗ​ចែក​រំលែក​ដល់​មិត្តភក្តិបងប្អូន ហៅគ្នីគ្នាទៅកំសាន្តជាដើមដែលជានិន្នាការថ្មីគួរឱ្យកត់សម្គាល់”។

“គិតមកទល់នឹងពេលនេះ ពលរដ្ឋកម្ពុជាជាពិសេសយុវជន បានដឹងថាស្រុកខ្មែរស្អាតជាងមុន ស្រស់បំព្រងជាងមុន”។ នេះបើតាមការបញ្ជាក់ពីលោក សេង ពិសិដ្ឋដដែល៕

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន Anussa Event Planner

 

ចែករំលែក