ក្រុមហ៊ុនវិនិយោគកោះសង្សារគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ ក្នុងខេត្តសៀមរាប

40

ក្រុមហ៊ុនវិនិយោគកោះសង្សារគ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិដ៏ធំ លក្ខណៈអន្តរជាតិ ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងខេត្តសៀមរាប។ នៅក្នុងពេលអញ្ជើញចុះពិនិត្យមើលទីតាំងដីរបស់ក្រុមហ៊ុនវិនិយោគក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគណាដែលជួយរាជរដ្ឋាភិបាលក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ មិនប៉ះពាល់បរិស្ថាន ជួយអភិរក្សធនធានធម្មជាតិ និងវប្បធម៌ជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការតាំងចិត្តរបស់ក្រុមហ៊ុន ដែលបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដែលចូលរួមពិសេសដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងវប្បធម៌នៅក្នុងតំបន់វិនិយោគរបស់ខ្លួននៅក្នុងខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ល្បីល្បាញលើពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុ មានប្រវត្តិល្អដូចជានៅតំបន់កោះសង្សារ ក្នុងខេត្តព្រះសីហនុ ដែលកំពុងមានភាពទាក់ទាញបំផុតនៅលើពិភពលោក ហើយពិសេសគម្រោងវិនិយោគ បានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះផងដែរ ដូចជាក្រុមហ៊ុនបានដឹកជញ្ជូនកាកសំណល់គ្រប់ប្រភេទពីដែនកោះយកមកកន្លែងដីគោកនៃក្រុងព្រះសីហនុ ដោយមិនបានបោះចោលសំណល់ទៅក្នុងទឹកសមុទ្រជាដើម។

ចំពោះគម្រោងបង្កើតជាទីក្រុងទេសចរណ៍ធម្មជាតិលំដាប់អន្តរជាតិនាពេលខាងមុខ ឯកឧត្តមរដ្ឋមន្រ្តី បានជូនយោបល់ដល់ក្រុមហ៊ុន ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ឋទាក់ទងនឹងបទដ្ឋានគតិយុត្តនានា និងសហការជាមួយសហគមន៍នៅក្នុងតំបន់ ដើម្បីឱ្យការវិនិយោគ ផ្តល់ការងារដល់ប្រជាពលរដ្ឋ ចូលរួមអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌នៅក្នុងតំបន់ ប្រកបដោយប្រសិទ្ឋភាព និងមាននិរន្តរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគកោះសង្សារ (SONG SAA Collective) នឹងចំណាយទុនដំបូងជាង ៣លានដុល្លារ លើដីជាង៤០០ហិកតា ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋរួចហើយ សម្រាប់បង្កើតជាទីក្រុងទេសចរណ៍ធម្មជាតិ ដែលមានសណ្ឋាគារជាលក្ខណៈបឹងកាឡូ ដែលអាចទស្សនាសត្វស្លាបនៅក្បែរបឹងធម្មជាតិ១កន្លែង វិឡា ផ្ទះស្នាក់ មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា សាលារៀន មជ្ឍមណ្ឌលសាសនា កន្លែងសមាធិ និងកន្លែងកំសាន្តជាមួយធម្មជាតិផ្សេងទៀតផងដែរ។

លោក Rory HUNTER នាយកក្រុមហ៊ុនវិនិយោគសង្សារ បានបញ្ជាក់ថា លោកបានត្រៀមដីជាង១ហិកតា នៅជុំវិញបឹងធម្មជាតិនៅក្បែរកន្លែងគម្រោង ដើម្បីចូលរួមអភិរក្សមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ ជាពិសេសសត្វកម្រដូចជាសត្វក្រៀលជាដើម។ លោក Rory HUNTER សង្ឃឹមថា គម្រោងវិនិយោគរបស់លោកនៅរយៈពេល៥ឆ្នាំទៅខាងមុខនឹងដំណើការគម្រោងជាបន្តបន្ទាប់ ជាមួយការផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសអ្នកភូមិនៅក្បែរនោះ ដែលពុំមានវិស័យឧស្សាហកម្មរីកចម្រើនដូចនៅតំបន់ទីក្រុង៕

ចែករំលែក